រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ – ពិព័រណ៍ CAMBUILD ២០២៦ ជាពិព័រណ៍លំដាប់អន្តរជាតិផ្នែកសំណង់ ស៊ីវិល មេកានិច និងអគ្គិសនី (M&E) របស់កម្ពុជា បានបើកជាផ្លូវការនៅថ្ងៃនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICEC) ដោយសម្គាល់ការរៀបចំជាលើកទី១៥ ជាមួយនឹងក្រុមហ៊ុនដាក់តាំងពិព័រណ៍ជាង ១៨០ ក្រុមហ៊ុន និងរំពឹងថាមានភ្ញៀវពាណិជ្ជកម្មលើសពី ១០,០០០ នាក់ មកពីប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងតំបន់ ។
ពិព័រណ៍រយៈពេលបីថ្ងៃនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយរៀបចំដោយក្រុមហ៊ុន Informa Markets។ ពិព័រណ៍នេះទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្មកម្ពុជា និងទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា។ នឹងមានដៃគូឧស្សាហកម្មជាមួយ ក្រុមប្រឹក្សាវិស្វករកម្ពុជា និងរាជបណ្ឌិត្យសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន ជាមួយនឹងសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា (CICAA) ជាដៃគូយុទ្ធសាស្ត្រសំខាន់។

ពិធីបើកជាផ្លូវការបាននាំមកនូវការប្រមូលផ្តុំគ្នានូវថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងភាគីពាក់ព័ន្ធសំខាន់ៗ ពីវិស័យសំណង់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កម្មវិធីនេះបានបង្ហាញនូវសុន្ទរកថាស្វាគមន៍ដោយលោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets ម៉ាឡេស៊ី និងកម្ពុជា លោក សេង ប៊ុនវីរៈ ប្រធានសមាគមអ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករកម្ពុជា ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម បណ្ឌិត សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងសុន្ទរកថាបើកពិធី បន្ទាប់ដោយមានការកាត់ខ្សែរបូ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ VVIP នៅតាមស្តង់ពិព័រណ៍។

លោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets ម៉ាឡេស៊ី និងកម្ពុជា មានប្រសាសន៍ថា៖ "CAMBUILD ២០២៦ នាំមកនូវការប្រមូលផ្តុំឧស្សាហកម្មជារួម ក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា ហើយវាជាវេទិកាមួយដែលនាំនវានុវត្តន៍ជាសកលមកភ្ជាប់ទំនាក់ទំនងជាមួយតម្រូវការនៅក្នុងស្រុក បង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញវិជ្ជាជីវៈក្នុងការស្វែងរកបច្ចេកវិទ្យាថ្មី ការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។ នៅក្នុងឆ្នាំនេះយើងពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងជាពិសេសក្នុងការនាំមកនូវជំនាញបច្ចេកទេស ដំណោះស្រាយជាក់ស្តែង និងការចូលរួមពីអន្តរជាតិនៅទូទាំងពិព័រណ៍នេះទាំងមូល។
ចំណុចសំខាន់មួយទៀតនៃពិព័រណ៍ CAMBUILD ២០២៦ គឺមានសិក្ខាសាលាបច្ចេកទេស ដែលនាំមកនូវការប្រមូលផ្តុំវិស្វករ អ្នកជំនាញវិជ្ជាជីវៈឧស្សាហកម្ម ក្រុមហ៊ុនដាក់តាំងពិព័រណ៍ និងអ្នកជំនាញសំខាន់ៗ ដើម្បីផ្លាស់ប្តូរចំណេះដឹងលើបច្ចេកវិទ្យា ការអនុវត្ត និងបញ្ហាដែលពាក់ព័ន្ធនឹងបរិស្ថានសំណង់។

កម្មវិធីរបស់ក្រុមប្រឹក្សាវិស្វករ នឹងភ្ជាប់ទំនាក់ទំនងជាមួយវិស្វករវិជ្ជាជីវៈប្រមាណ ៥០០ នាក់ និងអ្នកជំនាញសំខាន់ៗក្នុងឧស្សាហកម្ម ជាមួយនឹងវគ្គសិក្សាដែលគ្របដណ្តប់លើប្រធានបទវិជ្ជាជីវៈ និងបច្ចេកទេសជាច្រើន។ ប្រធានបទទាំងនេះរួមមាន "ការអប់រំវិស្វកម្ម និងផ្លូវនៃការបណ្តុះបណ្តាលសម្រាប់កម្ពុជា" "អត្ថប្រយោជន៍នៃការចុះបញ្ជីនៅក្រុមប្រឹក្សាវិស្វករកម្ពុជា" "សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត" និង "វិស្វកម្មអាហារ"។
ជាការបំពេញបន្ថែមលើសិក្ខាសាលាវិស្វករ គឺមានសិក្ខាសាលារបស់ក្រុមហ៊ុនដាក់តាំងពិព័រណ៍ ដែលបង្ហាញនូវការបង្រៀនបច្ចេកទេស និងការបង្ហាញជាក់ស្តែង ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យភ្ញៀវទស្សនានូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណោះស្រាយឧស្សាហកម្ម និងការអនុវត្តរបស់វា។
វគ្គសិក្សារួមមាន "ការកំណត់ឡើងវិញនូវការរួមបញ្ចូលគ្នា PV+ESS" ដោយក្រុមហ៊ុន Sungrow Power Supply Co., Ltd.; "ការធ្វើបទបង្ហាញស្ដីអំពី We Green Energy" ដោយក្រុមហ៊ុន Farizon Cambodia; "ដំណោះស្រាយសម្រាប់ការព្យាបាលទឹក៖ ប្រព័ន្ធព្យាបាលដោយគីមី និងប្រព័ន្ធចម្រោះ" ដោយក្រុមហ៊ុន Ychem Solutions Co., Ltd.; និង "ការណែនាំអំពីម៉ូដែលយានយន្ត និងគុណសម្បត្តិនៃបច្ចេកវិទ្យាថាមពលថ្មីរបស់ BYD" ដោយក្រុមហ៊ុន Huan Ya He Zhong (Cambodia) Trading Co., Ltd.។

លើសពីនេះក៏មានបន្ថែមទិដ្ឋភាពថ្មីមួយទៀតដល់ពិព័រណ៍នៅឆ្នាំនេះ គឺការដាក់តាំងបង្ហាញយានយន្ត ដែលនាំមកនូវបច្ចេកវិទ្យាយានយន្ត និងថាមពលថ្មីចូលទៅក្នុងបទពិសោធន៍នៃបច្ចេកវិទ្យារបស់ពិព័រណ៍ CAMBUILD។
ក្រុមហ៊ុនដាក់តាំងពិព័រណ៍ដែលចូលរួមមាន We Green Energy Co., Ltd., EMC-EV Co., Ltd., Investtech Vietnam Limited Liability Company, HGB Auto Co., Ltd., Huan Ya He Zhong (Cambodia) Trading Co., Ltd និង AZ Group Co., Ltd.។ ម៉ាកយីហោដែលត្រូវបានតំណាងនៅពិព័រណ៍រួមមាន FARIZON, PAIDI, GAZ, MAZDA, VESPA, KIA, BYD, AVATR, FUBER, YUTONG, HIGER, XCMG, SKYWORTH, DEERWAY និង OYIKA។
សម្រាប់មន្ត្រីរដ្ឋាភិបាល អ្នកបញ្ជារទិញសំខាន់ៗ និងអ្នកសម្រេចចិត្ត ដំណើរទស្សនកិច្ច VIP របស់ CAMBUILD ២០២៦ ផ្តល់នូវឱកាសប្រកបដោយការផ្តោតអារម្មណ៍ក្នុងការស្វែងរកការបង្ហាញពិព័រណ៍អន្តរជាតិពិសេសពីប្រទេសចិន វៀតណាម សិង្ហបុរី និងឥណ្ឌា។ ដំណើរទស្សនកិច្ចដែលមានអ្នកណែនាំនេះត្រូវបានរៀបចំរៀងរាល់ថ្ងៃពីម៉ោង ១០:០០ ព្រឹក ដល់ ៦:០០ ល្ងាច ដើម្បីសម្រួលដល់ការបង្កើតបណ្តាញយុទ្ធសាស្ត្រ ខណៈពេលដែលផ្តល់ឱ្យអ្នកចូលរួមទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនដាក់តាំងពិព័រណ៍ និងដៃគូអាជីវកម្ម។
CAMBUILD ២០២៦ កើតឡើងនៅពេលដែលវិស័យសំណង់របស់កម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឧស្សាហកម្មសំណង់នៅតែបន្តកំណើនយ៉ាងថេរបន្ទាប់ពីជំងឺរាតត្បាត ជាមួយនឹងការបង្កើនការវិនិយោគលើការនាំចូលសម្ភារៈ និងការផលិតស៊ីម៉ងត៍ ខណៈពេលដែលការអភិវឌ្ឍន៍ជាបន្តបន្ទាប់កំពុងជំរុញតម្រូវការសម្រាប់ការកែលម្អបច្ចេកវិទ្យាសំណង់ ស្តង់ដារ និងសុវត្ថិភាព។
ក្នុងបរិបទនេះ ពិព័រណ៍នេះនាំមកជាមួយនូវដំណោះស្រាយដែលគ្របដណ្តប់លើប្រព័ន្ធអេកូសំណង់ទាំងមូល ចាប់ពីសម្ភារៈសំខាន់ៗដូចជា បេតុង ដែក បំពង់ និងកញ្ចក់ រហូតដល់ដំណោះស្រាយថាមពលរួមមាន ថាមពលព្រះអាទិត្យ ភ្លើងបំភ្លឺ និង HVAC។
តាមរយៈការនាំមកជាមួយគ្នានូវវិស័យសំណង់ វិស្វកម្ម ថាមពល យានយន្ត និងបច្ចេកវិទ្យា CAMBUILD ២០២៦ ផ្តល់ឱ្យអ្នកជំនាញឧស្សាហកម្មនូវវេទិកាមួយដើម្បីស្វែងរកដំណោះស្រាយថ្មីៗ ផ្លាស់ប្តូរជំនាញឯកទេស និងអភិវឌ្ឍទំនាក់ទំនងដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍បរិស្ថានសំណង់ជាបន្តបន្ទាប់របស់កម្ពុជា។
CAMBUILD ២០២៦ រៀបចំពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICEC) កោះពេជ្រ រាជធានីភ្នំពេញ៕










