ភូមិវប្បធម៌ ដែលធ្លាប់មានវត្ដមាននៅក្នុងខេត្ដសៀមរាប នឹងលេចរូបរាងឡើងនៅក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងត្រូវបានដកស្រង់ដោយទូរទស្សន៍ជាតិកម្ពុជា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនៈកិច្ចពិនិត្យគម្រោងព្រលានយន្ដអន្ដរជាតិតេជោខាងលើ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ការសាងសង់ភូមិវប្បធម៌នៅក្នុងព្រលានយន្ដហោះថ្មីនេះ គឺដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងប្រវត្ដិសាស្ដ្ររបស់កម្ពុជា សម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្ដរជាតិ។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងគម្រោងភូមិវប្បធម៌នឹងមានការសាងសង់នូវផ្ទះបែបខ្មែរបុរាណជាច្រើនខ្នង និងខុសប្លែកពីគ្នា។ លោកបន្ដថា គិតមកដល់ពេលនេះ ផ្ទះឈើបុរាណមួយខ្នងបានសាងសង់ហើយ ដោយនឹងមានផ្ទះនិងការរចនាជាច្រើនទៀត នឹងសាងសង់ឡើងជាបន្ដបន្ទាប់មុនពេលព្រលានយន្ដហោះអន្ដរជាតិតេជោដាក់ឲ្យដំណើរការផ្លូវការ នាខែកក្កដាខាងមុខ។
លោកបានបញ្ជាក់ដែរថា ក្រៅពីការរៀបចំឲ្យមានភូមិវប្បធម៌ ព្រលានយន្ដហោះអន្ដរជាតិតេជោក៏នឹងមានដាក់តាំងរូបសំណាក់ព្រះពុទ្ធបត្បិមារាប់រយអង្គផងដែរ។ ខណៈដែលបច្ចុប្បន្នបាននិងកំពុងរចនា និងមួយចំនួនទៀតបានដឹកជញ្ជូនមកជាបន្ដបន្ទាប់ពីខេត្ដសៀមរាប។
សូមជម្រាបផងដែរថា គម្រោងព្រលានយន្ដហោះអន្ដរជាតិតេជោ គិតមកដល់ពេលសម្រេចការសាងសង់បានចំនួន ៩៤ ភាគរយហើយ ខណៈគ្រោងដាក់ឲ្យដំណើរការនៅខែកក្កដា ខាងមុខ។ ព្រលានយន្ដហោះអន្ដរជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ២៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងបានវិនិយោគដោយក្រុមហ៊ុន OCIC ក្នុងដើមទុន ១៥០០ លានដុល្លារ។
ព្រលានយន្ដហោះលំដាប់ 4F នេះត្រូវបានសាងសង់ជា ៣ ដំណាក់កាល សម្រាប់ដំណាក់កាលទី១ ដែលគ្រោងបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ នេះគឺអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ ៕