សម្រាប់ពលរដ្ឋខ្មែរដែលកំពុងមានគម្រោងចង់ធ្វើដំណើរទៅលេង សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសជាដំណឹងថា ប្រទេសកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសាកល្បងដែលតម្រូវឱ្យបេក្ខជនសុំទិដ្ឋាការទេសចរណ៍ ឬធុរកិច្ច (ប្រភេទ B1/B2) ត្រូវដាក់ប្រាក់ធានាជាមុនសិន ទើបអាចទទួលបានទិដ្ឋាការសម្រាប់ធ្វើដំណើរ។
នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិកនៅកម្ពុជា នាថ្ងៃទី១៩ ខែមិនា នេះ បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ 15,000 ដុល្លារ មុនពេលទិដ្ឋាការអាចចេញជូនបាន។ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។

ស្ថានទូតបានបញ្ជាក់ថា លក្ខខណ្ឌនេះមិនអនុវត្តចំពោះបេក្ខជន ដែលបានទទួលទិដ្ឋាការ B1/B2 មានសុពលភាព និងបានចេញមុនថ្ងៃ 2 ខែ មេសា ទេ។ សូមកុំបង់ប្រាក់ធានាមុនពេលសម្ភាសន៍។ ការបង់ប្រាក់មុនមិនធានាឱ្យអ្នកទទួលបានទិដ្ឋាការនោះទេ ហើយគេហទំព័រផ្សេងក្រៅពីគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាគេហទំព័របោកប្រាស់។ ប្រាក់ដែលបានបង់មុនថ្ងៃសម្ភាសន៍មិនអាចដកវិញបានទេ។
ដោយឡែក ចំពោះសិស្ស និស្សិត ដែលត្រូវទៅសិក្សានៅអាមេរិកដោយប្រើទិដ្ឋាការប្រភេទ F ឬ M គឺមិនតម្រូវឱ្យដាក់ប្រាក់ធានានិដ្ឋាការនោះឡើយ។ ការបង់ប្រាក់ធានានេះ គឺសម្រាប់តែបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ៕


