យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងសហរដ្ឋអាមេរិកសម្រេចផ្តល់ជំនួយជាទំហំទឹកប្រាក់ដល់កម្ពុជាប្រមាណ១៨លានដុល្លារ តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្ទាប់ពីកម្ពុជានិងសហរដ្ឋអាមេរិក បង្ហាញការស្និទ្ធស្នាលជាមួយគ្នា។
កិច្ចសហប្រត្តិបត្តិការជិតសិ្នទ្ធរវាងកម្ពុជានិងសហរដ្ឋអាមេរិកនេះធ្វើឡើងក្នុងជំនួបរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយនិង លោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិកកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាឱកាសដែលសម្ដេចធិបតីអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងនោះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានគោរពជម្រាបជូន សម្តេចធិបតី ថាសហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិករូបនេះបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។
បន្ថែមពីនេះភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពរបស់ពលរដ្ឋខ្មែរ និងកិច្ចពិភាក្សា លើវិស័យដែលប្រទេសទាំងពីរកំពុងយក ចិត្តទុកដាក់៕
អត្ថបទដោយ៖ ពីង ជូអេង