ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងពីការបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ពីប្រទេសជប៉ុន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅក្នុងប្រទេសជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយបញ្ចប់បេសកកម្មនៅក្នុងប្រទេសជប៉ុន ហើយមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែកុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី បានថ្លែងថា «យើងបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែង។ ដុតទៅអត់មានផ្សែងទេ មានតែចំហាយទឹកមកវិញ! បច្ចេកទេសគាត់ល្អ! យើងបានទៅមើល ហើយយើងបានបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរ។ ការបញ្ជាទិញនេះ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្រសួងបរិស្ថានជប៉ុន និងក្រុមហ៊ុនជប៉ុន នឹងជួយយើងឱ្យបានច្រើនគ្រឿង។ គោលដៅរបស់យើង គឺធ្វើយ៉ាងណាឱ្យមួយស្រុកមានមួយគ្រឿង»។ ឯកឧត្តម បន្តថា ឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក នឹងមិនប្រើប្រាស់ថាមពលអគ្គិសនីនោះទេ ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Sola)។
សូមបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ ឯកឧត្តម អ៊ាង សុផល្លែត និង រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន ក៏បានឯកភាពគ្នាលើចំណុចចំនួន៦រួមមាន៖ ១.យន្តការឥណទានរួម ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស, ២. សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន, ៣. ការគាំទ្រលើផែនការជាតិ ការបន្ស៊ាំនឹងការ ប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន, ៤. ការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់, ៥. ការផ្សព្វផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ, ៦. ការផ្លាសប្តូរបទពិសោធលើការគ្រប់គ្រងឧទ្យានជាតិ។
ក្នុងឱកាសនោះដែរ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន, ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន, និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ៕






