ចាំតែថ្ងៃបើកការដ្ឋាន! ក្រោយចាយពេល២ឆ្នាំ ទីបំផុតគម្រោងដឹកជញ្ជូនតាមផ្លូវទឹកធំបំផុតរបស់កម្ពុជា សិក្សាចប់ហើយ
Bunthoeun KoemAPRIL 19 20237.4 K views

ក្រោយចាយពេលសិក្សាអស់រយៈពេល២ឆ្នាំពេលនេះគម្រោងជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់កំពង់ផែសមុទ្រខេត្តកំពតបានសិក្សាបញ្ចប់រួចរាល់ហើយចំពោះផ្នែកបច្ចេកទេស ផ្លូវច្បាប់ និងបានបញ្ជាក់ថាមិនមានអ្វីជាការប៉ះពាល់ឡើយ។ នេះបើប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបរវាងក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

341609920 594904082576376 6692744253152516541 N

នៅក្នុងជំនួបខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា​ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥

ឯកឧត្តម ក៏បានលើកឡើងដែរថា “អ្វីដែលជាទីកត់សម្គាល់  គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ”។

គួររំលឹកផងដែរថា គម្រោងផ្លូវទឹកដឹកជញ្ជូនខាងលើនេះមានប្រវែង ១៦៨ គីឡូម៉ែត្រ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល គន្លងទៅ គឺតម្រូវស្ដារឡើងវិញនូវតំបន់មួយចំនួន ហើយជីកព្រែកថ្មី ៧ គីឡូម៉ែត្រ គឺអាចឲ្យនាវា ឬកាប៉ាល់ដឹកជញ្ជូនទំនិញចូលទៅកំពង់ផែកំពត និងកំពង់ផែខេត្ដព្រះសីហនុក៏បាន។ ហើយនៅពេលគម្រោងនេះសាងសង់រួចរាល់ វានឹងអាចកាត់បន្ថយ ចម្ងាយដឹកជញ្ជូនបានដល់ទៅជាង១០០គីឡូម៉ែត្រឯណោះ៕

341609920 594904082576376 6692744253152516541 N

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia