មង្គលការអភិជនដ៏ស្រស់ស្អាតនិងល្បីមួយនៅស្រុកខ្មែរ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដែលរំលេចនូវរូបភាពជាច្រើនសន្លឹកធ្វើឱ្យមហាជនកោតសរសើរ អំពីសម្រស់ដ៏លេចធ្លោរបស់កូនកំលោះកូនក្រមុំមួយគូ ដែលគេស្គាល់ថាជាកូនរបស់រដ្ឋមន្រ្តី២រូប។
រោងការសិរីមង្គលដ៏គួរឱ្យចាប់អារម្មណ៍នោះ មានកូនកំលោះនាម ឡាំ ជុងហាវ និងកូនក្រមុំនាម អូន ព័ន្ធមណីលក្ស្មី ដែលត្រូវជាកូនស្រី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ អ៊ឹម ប៉ូលីកា។
ក្នុងនោះសាវតាកូនកំលោះ ឡាំ ជុងហាវ គឺជាកូនប្រុសរបស់ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ស៊ឹម ជួង។
គួរជម្រាបថាគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បានភ្ជាប់ពាក្យជាង៤ឆ្នាំមកហើយមុនចូលរោងជ័យជាមួយគ្នា ពោលគឺតាំងពីអំឡុងខែមីនា ឆ្នាំ ២០២០មក៕