ដូចប្រិយមិត្ដបានដឹងរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជានឹងត្រូវបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ ក្រោយប្រជាពលរដ្ឋពលរដ្ឋច្រើនទន្ទឹងរង់ចាំដំណើរនេះអស់រយៈពេលជាច្រើនខែកន្លងមក។
ដោយឡែកចំពោះគម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់អរិយក្សត្រវិញ ក៏កំពុងមានការទន្ទឹងរង់ចាំជាច្រើនពីសាធារណៈជន ពិសេសអ្នករករស់នៅភ្នំពេញ និងអរិយក្សត្រថា តើគម្រោងនេះនឹងបើកដំណើរការសាងសង់នៅពេលណា?
យ៉ាងណាយោងតាមការបញ្ជាក់ពីឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។
សូមជម្រាបថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដំបូងបំផុតក្នុងប្រវត្ដិសាស្ដ្រនេះ មានតម្លៃជិត ៣០០លានដុល្លារអាម៉េរិក ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
គម្រោងស្ពានថ្មីនេះគឺមានសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ ចំពោះការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន៕