បច្ចុប្បន្នគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលត្រៀមរៀបចំកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការធ្វើពិសោធន៍ Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំងបម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាត ពីតំបន់អរិយក្សត្រ មករាជធានីភ្នំពេញ។
សូមជម្រាបថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់ខ្សែកាប (Cable-Stayed) ចំនួនពីរ គឺស្ពានទីមួយឆ្លងកាត់ទន្លេសាប (ពីសង្កាត់វត្តភ្នំ ទៅកាន់សង្កាត់ជ្រោយចង្វារ) និងស្ពានទីពីរឆ្លងកាត់ទន្លេមេគង្គ (ពីសង្កាត់ជ្រោយចង្វារ ទៅកាន់សង្កាត់អរិយក្សត្រ) ដែលមានប្រវែងសរុបប្រមាណ ៣,៥ គ.ម។ បើគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ការងារសិក្សាលម្អិតសម្រេចបានប្រមាណ ៥៦,៧៧% ហើយគ្រោងនឹងបញ្ចប់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ មុននឹងបន្តរៀបចំនីតិវិធីកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់។
ក្រោយបញ្ចប់ការសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាស្ពាននិមិត្តរូបដ៏សំខាន់ និងមានអត្ថន័យ ដោយស្ពាននេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ការកាត់បន្ថយថិរវេលា និងថវិកាក្នុងការធ្វើដំណើរ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ការលើកកម្ពស់វិស័យកសិកម្ម និងពាណិជ្ជកម្ម៕