នេះជាទីតាំងគម្រោងមន្ទីរពេទ្យអន្ដរជាតិកម្ពុជាថ្មីតម្លៃ ៣០០ លានដុល្លារដែលវិនិយោគដោយឧកញ៉ាធំៗ ១០ រូប
Bunthoeun Koem•SEPTEMBER 29 2026•3.3 K views

កាលពីពេលកន្លងទៅនេះ ឧកញ៉ាធំៗដែលជាម្ចាស់ក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជាចំនួន ១០ រូប បានឯកភាពក្នុងការបោះទុនវិនិយោគរួមគ្នា ដើម្បីសាងសង់មន្ទីរពេទ្យអន្ដរជាតិកម្ពុជា (Cambodia International Hospital) ដែលមានទុនសរុប ៣០០ លានដុល្លារ គ្រប់ដណ្ដប់លើផ្ទៃដី ១៣ ហិកតា ភាគខាងត្បូងរាជធានីភ្នំពេញ។

 

គម្រោងមន្ទីរអន្ដរជាតិនេះ មានទីតាំងស្ថិតនៅបណ្ដោយមហាវិថី ឈុន គង់ (ចន្លោះផ្សារទំនើប អ៊ីអន មានជ័យ និងស្ពានព្រែកប្រា-ចាក់អង្រែក្រោម) ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្ដានុពល។ នៅក្នុងគម្រោងមន្ទីរពេទ្យនេះដែរ នឹងធ្វើឡើងតាមស្ដង់ដារអន្ដរជាតិ ដែលមានរួមបញ្ចូល សណ្ឋាគារ និងអគារស្នាក់នៅ សម្រាប់បម្រើដល់ប្រជាពលរដ្ឋ និងអន្ដរជាតិ។ ក្នុងនោះចំពោះឧកញ៉ាធំៗដែលមានភាគហ៊ុននៅក្នុងគម្រោងមន្ទីរពេទ្យដ៏ធំ និងទំនើបនេះរួមមាន៖ 

 

492004337 1028031472844865 3124295605999387441 N

 

·         អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប មានភាគហ៊ុនចំនួន ២៣%។

 

·         លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង មានភាគហ៊ុនចំនួន ២៣%។

 

·         អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប មានភាគហ៊ុនចំនួន ២៣%។

 

·         អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប មានភាគហ៊ុនចំនួន ១០%។

 

·         អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក មានភាគហ៊ុនចំនួន ៦%។

 

·         អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី មានភាគហ៊ុនចំនួន ៥%។

 

·         អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស មានភាគហ៊ុនចំនួន ៥%។

 

·         ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី មានភាគហ៊ុនចំនួន ៥%។

 

សូមជម្រាបថា គម្រោងមន្ទីរពេទ្យអន្ដរជាតិកម្ពុជា ដ៏ទំនើប និងធំនេះ បានលេចរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលមានសហស្ថាបនិកចំនួន ១០ រូបមកពីក្រុមហ៊ុនធំៗ ដូចបានជម្រាបជូនខាងលើ។ ការវិនិយោគរួមគ្នានេះ មានគោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឲ្យទំនើប ព្រមទាំងផ្ដល់សេវាវេជ្ជសាស្ដ្រលំដាប់ស្ដង់ដារពិភពលោក នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងគម្រោងនេះ សូមទំនាក់ទងទៅកាន់លោកជំទាវឧកញ៉ា នួន ពេជ្រសុផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៥២០ ១៥៣ ឬអ៊ីម៉ែល cambodiahospital2025@gmail.com ៕

 

633976410 894710636642440 4373884041184248093 N

Photo 2026 09 08 09 58 05

Photo 2026 09 29 13 44 27

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia