នៅក្នុងយុគសម័យដែលផលិតផលនាំចូលកំពុងវាយលុកទីផ្សារយ៉ាងខ្លាំងនេះ ការបង្កើត និងឈរជើងនៃរោងចក្រក្នុងស្រុកដែលកាន់ស្តង់ដារអន្តរជាតិ គឺជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រទេសជាតិ។ ផ្អែកលើកិច្ចសម្ភាសន៍របស់ Business Cambodia ជាមួយអ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំរោងចក្រ ខ្មែរ ប៊ែវើរីជីស (Khmer Beverages) យើងចែករំលែកនូវមេរៀន និងទស្សនវិស័យសំខាន់ៗចំនួន ៤ ចំណុច ដែលជាកត្តាធ្វើអោយលោកជោគជ័យដល់ពេលបច្ចុប្បន្ន៖
១. ការប្រឈមមុខនឹងការបដិសេធ
គ្មានផ្លូវជោគជ័យណាដែលរៀបចំឡើងដោយកម្រាលព្រំក្រហមនោះទេ។ កាលពីចាប់ផ្តើមដំបូង ក្រុមហ៊ុនបានជួបប្រទះការមើលងាយ និងការបដិសេធជាច្រើនពីសំណាក់ដៃគូបរទេស និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយសារតែពួកគេខ្វះទំនុកចិត្តលើម៉ាកយីហោខ្មែរ ឃ្លាមួយ លោកបានមានប្រសាសន៍ថា '' គេគ្រាន់តែលឺថាខ្មែរ ទៅគោះទ្វារគេ គេអត់ព្រមបើកអោយយើង"។ ប៉ុន្តែ ការបដិសេធទាំងនោះមិនមែនជាឧបសគ្គដែលធ្វើឱ្យទម្លាក់ដៃឡើយ ផ្ទុយទៅវិញវាជាកម្លាំងរុញច្រានឱ្យក្រុមហ៊ុនកាន់តែរឹងមាំ និងមានគោលដៅច្បាស់លាស់ក្នុងការកសាងរោងចក្រស្តង់ដារពិភពលោក ដើម្បីបង្ហាញសមត្ថភាពកូនខ្មែរថាកូនខ្មែរអាចធ្វើបាន។
២. យុទ្ធសាស្ត្រ និងការប្តូរផ្នត់គំនិតអ្នកប្រើប្រាស់
ការផលិតទឹកបរិសុទ្ធលក់ក្នុងតម្លៃត្រឹម ១,០០០ រៀល ក្នុងមួយដប ដោយប្រើប្រាស់គ្រឿងចក្រវិនិយោគរាប់លានដុល្លារ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ក្រុមហ៊ុនបានសុខចិត្តកាត់បន្ថយភាគរយប្រាក់ចំណេញមកនៅត្រឹម ១០% (ជំនួសឱ្យ ២០-៣០% ដូចប្រភពផ្សេងទៀត) និងពឹងផ្អែកលើបច្ចេកវិទ្យាទំនើបផលិតបានច្រើន ដើម្បីកាត់បន្ថយការបាត់បង់។ គោលបំណងធំបំផុតគឺ ដើម្បីឱ្យប្រជាជនកម្ពុជាបានប្រើប្រាស់ទំនិញដែលមានគុណភាពខ្ពស់បំផុតក្នុងតម្លៃសមរម្យ និងបណ្តុះទម្លាប់នៃការជឿជាក់លើផលិតផលដែលផលិតក្នុងស្រុក។

៣. ការវិនិយោគលើធនធានមនុស្ស និងបច្ចេកវិទ្យា
គ្រឿងចក្រទំនើបមិនអាចដំណើរការបានដោយរលូនឡើយ ប្រសិនបើខ្វះធនធានមនុស្សដែលមានជំនាញ។ ការបញ្ជូនវិស្វករ និងបុគ្គលិកខ្មែរទៅសិក្សានៅបណ្តាប្រទេសជឿនលឿនក្នុងតំបន់អឺរ៉ុប ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពជាប្រចាំ គឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យរោងចក្រអាចដំណើរការបាន ២៤/៧ និងទទួលបានពានរង្វាន់គុណភាពកម្រិតអន្តរជាតិជាបន្តបន្ទាប់។

៤. ការពង្រីកខ្លួនដើម្បីសន្តិសុខស្បៀង និងការជួយសង្គម
ទស្សនវិស័យទៅអនាគត ការផ្លាស់ប្តូរ និងពង្រីកខ្លួនទៅជា «Chip Mong Food and Beverages» មិនត្រឹមតែជាការអភិវឌ្ឍអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកធានាសន្តិសុខស្បៀង ជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើតឱកាសការងាររាប់ពាន់កន្លែង។ លើសពីនេះ ប្រាក់ចំណេញដែលទទួលបានក៏បានបង្វិលចូលទៅក្នុងសង្គមវិញ តាមរយៈការគាំទ្រវិស័យកីឡា វិស័យសិល្បៈ និងសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ។
ការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែជាការទិញទំនិញមួយមុខនោះទេ ប៉ុន្តែជាការចូលរួមជួយដល់សេដ្ឋកិច្ចជាតិ ផ្តល់ការងារដល់បងប្អូនខ្មែរ និងបង្កើតមោទនភាពជាតិលើឆាកអន្តរជាតិ។ ដំណើររឿងនៃរោងចក្រខ្មែរមួយនេះ គឺជាគំរូ និងជាប្រភពថាមពលចិត្តដ៏ធំធេងសម្រាប់សហគ្រិន និងយុវជនជំនាន់ក្រោយក្នុងការហ៊ានស្រមៃ និងហ៊ានធ្វើអ្វីដែលអស្ចារ្យសម្រាប់ប្រទេសជាតិ។


