ម៉ូយថ្មី! ប្រទេសនៅអាស៊ានមួយនេះ ចុះកិច្ចព្រមព្រៀង ទិញអង្ករពីខ្មែរ ១ឆ្នាំ ១ម៉ឺនតោន
Chan SophonSEPTEMBER 16 2026497 views

កាលពីរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ហើយការនាំចេញអង្ករនេះ អាចមានចំនួនច្រើន រហូតទៅដល់ ១០,០០០ តោនក្នុងមួយឆ្នាំ។

 

លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្យានេះមិនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីនផងដែរ។

809730096 1525538322672170 4594179850877321397 N

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

 

ក្នុងនោះ លោកឧកញ៉ា ឡាយ ឈុនហួ ដែលជាប្រធានសហព័ន្ធអង្ករកម្ពុជា បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនាំចេញអង្ករចំនួន ១០,០០០ តោននេះ មិនមែនជាគោលដៅចុងក្រោយរបស់យើងទេ ប៉ុន្តែជាការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ លោកក៏បានបន្ថែមថា ក្រុមហ៊ុន City Rice នឹងបន្តវិនិយោគលើការគ្រប់គ្រងគុណភាព បច្ចេកវិទ្យា សមត្ថភាពកែច្នៃ និងប្រព័ន្ធផ្គត់ផ្គង់ ដោយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ស្ថាប័នហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករកម្ពុជា កសិករ និងដៃគូអន្តរជាតិផងដែរ។

 

ទន្ទឹមនេះ តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាពនៃការវេចខ្ចប់ និងអនុវត្តឲ្យបានពេញលេញនូវ «យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» សំដៅបង្កើនភាពប្រកួតប្រជែង និងពង្រីកចំណែកទីផ្សារអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ៕

810182382 1102222428997693 5747552396898162859 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia