នៅសល់ពេលប៉ុន្មានខែទៀតប៉ុណ្ណោះឆ្នាំថ្មី ២០២៥ នឹងឈានចូលមកដល់ហើយ។ ក្នុងនោះដែរធនាគារអភិវឌ្ឍន៍អាស៊ីក៏បានចេញព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំថ្មីខាងមុខនេះដូចគ្នា។ យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់ឆ្នាំ ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា “ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។ ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។
ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ របាយការណ៍នេះគូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ក្នុងនោះចំពោះ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥.២% នៅឆ្នាំ ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមក ដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។ លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ ពាន់លាន ដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរ វិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ៕