យោងតាមប្រសាសន៍របស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតមកដល់ពេលនេះការសាងសង់ក្រោមឥណទានសម្បទានពីប្រទេសចិន កម្ពុជាបានសាងសង់ស្ពានធំៗ ១៦ ហើយ ខណៈស្ពានទី ១៦ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ព្រែកប្រា-ចាក់អង្រែក្រោម) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «ស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះគឺជាស្ពានទី១៦ ហើយ បើគិតក្នុងចំណោមស្ពានធំៗដែលបានសាងសង់ក្រោមឥណទានសប្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមមាន៖ ស្ពានមិត្ដភាពកម្ពុជាចិន សេងកុង ស្ទឹងត្រែង, ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានជ្រោយចង្វារទី២, ស្ពានមេគង្គស្ទឹងត្រែង, ស្ពានតាខ្មៅ, ស្ពានកោះធំ, ស្ពានអាកាសមិត្ដភាពកម្ពុជា-ចិនសែនសុខ, ស្ពានស្ទឹងត្រង់ក្រួចឆ្មា, ស្ពានកោះអន្លុងចិន, ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ, ស្ពានអាកាសចំនួន ៤ កន្លែងដែលឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ដែលជាផ្នែកនៃគម្រោងក្រវាត់ក្រុងទី៣ និងស្ពានឆ្លងកាត់ទន្លេបាសាក់-ចង្រែក្រោមចុងក្រោយនេះ»។
សូមជម្រាបផងដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានផ្លូវសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ ពោលគឺនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខណៈថវិកាសាងសង់មានចំនួន ៦០ លានដុល្លារ ដែលជាឥណទានសម្បទានពី សាធារណរដ្ឋប្រជាមានិតចិន៕