កាលពីថ្មីៗកន្លងទៅ កម្ពុជាទទួលស្វាគម៍រោងចក្រតម្លើងរថយន្តជាច្រើន ដែលក្នុងនោះរួមមានដូចជារោងចក្រតម្លើងរថយន្ត Ford នៅខេត្ដពោធិ៍សាត់ រោងចក្រដំឡើងរថយន្ដISUZU នៅខេត្ដកំពង់ស្ពឺ និងរោងចក្រដំឡើងរថយន្ដ Toyota នៅតំបន់សេដ្ឋកិច្ចភ្នំពេញ។ ប៉ុន្តែអ្វីដែលជាមោទនភាពបំផុតនោះ ពេលនេះកម្ពុជាមានរោងចក្រផលិតរថយន្តនៅខ្មែរហើយ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ GTV Motor Cambodia ផ្ទាល់កាលពីកន្លងទៅនេះបានឱ្យដឹងថា GTV MOTOR ជាម៉ាករថយន្តដំបូងផលិតនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ផ្តោតលើការអភិវឌ្ឍន៍រថយន្តម៉ាកយីហោដែលផលិតដោយផ្ទាល់នៅក្នុងកម្ពុជា ដោយប្តេជ្ញានាំយកនូវផលិតផលរថយន្តដែលមានគុណភាពខ្ពស់ និងផ្តល់បទពិសោធន៍សេវាកម្មជួសជុលដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន។
លើសពីនេះ GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាហ៊ុនអាលីម៉ង់នៅអាស៊ីអាគ្នេយ៍ផងដែរ ខណៈរោងចក្រដំឡើងរថយន្ដមានទីតាំងនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះដែររោងចក្រថ្មីនេះបានគ្របដណ្តប់លើផ្ទៃដី ១00,000 ម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ៣៥,000 គ្រឿង។
ជាមួយគ្នានេះដែរក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ GTV MOTOR តែងតែផ្តោតនិងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ GTV Automotive និង វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិក Electronics Research Institute (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី ទាំងនេះជាកត្តាប្រវត្តិសាស្ត្រមួយ ឈានដល់ការបង្កើតនូវ វិទ្យាស្ថានស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D), ដោយហេតុដូចនេះធ្វើអោយ GTV MOTOR បានបង្កើតដោយ ជោគជ័យនូវម៉ូឌែលដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។
គួរជម្រាបផងដែរថា ក្រុមហ៊ុន GTV មិនត្រឹមតែផលិតរថយន្តនៅប្រទេសខ្មែរតែប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងប្រើឈ្មោះជាភាសារខ្មែរលើម៉ូដែលរបស់ខ្លួនថែមទៀត ដូចជាម៉ូដែល GTV Soben (សុបិន) ដែលមានន័យថា “ពួកយើងនឹងសំរេចក្តីស្រមៃរបស់អ្នកព្រោះយើងជា Soben”និងមួយម៉ូដែលទៀតមានឈ្មោះថា GTV Krusar (គ្រួសារ) ដោយពាក្យស្លោករបស់រថយន្តនេះ “មិនមែនPick up ឬ SUV តែជាគ្រួសារ ជាជំនួយការដ៏ល្អសម្រាប់អ្នក”៕