ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់ប្រទេសកម្ពុជាដែលនាពេលនេះមានប្រជាជនជាច្រើន អាចដាំដំណាំទំនើបៗជាច្រើនប្រភេទ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះដំណាំដែលពួកគាត់បានដាំសុទ្ធសឹងតែអាចលក់បានក្នុងតម្លៃថ្លៃគួរសម ចំណែកទីផ្សារវិញក៏មានមិនចេះខ្វះផងដែរ។ ដំណាំទំនើបទាំង៤ ប្រភេទនេះមានដូចជា៖
១. ដំណាំវ៉ាន់នីឡា
វ៉ាន់នីឡា ជាប្រភេទដំណាំកសិឧស្សាហកម្មដែលដាំដុះនៅតំបន់ត្រូពិកដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ិកស៊ិកកូ។វ៉ាន់នីឡាមានផ្លែស្រដៀងគ្នាទៅនឹងសណ្តែក ផ្លែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសដ៏សំខាន់ក្នុងទឹកជ្រលក់ ការ៉េម ទឹកសឺរ៉ូ និងបង្អែមជាដើម។ផ្លែវ៉ាន់នីឡាមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ៣០០ដុល្លារ ឡើងដល់ ៥០០ដុល្លារទៅ ៦០០ដុល្លារក្នុងមួយគីឡូក្រាម ទៅតាមប្រភេទនិងគុណភាពរបស់វ៉ាន់នីឡា។
កន្លងមកវ៉ាន់នីឡាដែលយើងប្រើប្រាស់មានតែការនាំចូលពីបរទេសដែលលក់ក្នុងតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្នដំណាំវ៉ាន់នីឡាមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ដែលកំពុងដាំដុះដោយលោក Christonphe ជាម្ចាស់ចំការវ៉ាន់នីឡា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។លោក Christonphe បានចាប់យកការដាំវ៉ាន់នីឡានេះតាំងពីឆ្នាំ ២០១២ មកម្លេះ។ ហើយមូលហេតុដែលធ្វើឱ្យលោកចាប់យកការដាំដុះវ៉ាន់នីឡានេះ ដោយសារលោកមើលឃើញពីភាពអំណោយផលនៃអាកាសធាតុនៅក្នុងប្រទសកម្ពុជា ម្យ៉ាងដំណាំនេះនៅស្រុកខ្មែរមិនទាន់មានគេធ្វើខណៈនៅប្រទេសជិតខាងមានការដាំដុះយ៉ាងហូហែរទៅហើយ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការដាំវ៉ាន់នីឡា អាចធ្វើការសាកសួរព័ត៌មានបន្ថែមពីលោក Christonphe បានតាមរយៈលេខទំនាក់ទំនង ០១២ ៦២២ ៩៣១/ ០៩៧ ៧៦៦ ២៩៣១ ដោយសារដំណាំមួយប្រភេទនេះមិនមែនចេះតែដាំៗនោះទេ ត្រូវមានការថែទាំដិតដល់ និងបច្ចេកទេសដាំត្រឹមត្រូវទើបធ្វើទៅទទួលបានផល។
២. ដំណាំកាកាវ
ដំណាំកាកាវ គឺដំណាំដ៏សែនទំនើបមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលដំណាំមួយនេះត្រូវបានដាំដោយកសិករខ្មែរ១រូបគឺ លោក ជ្រិន ចាន់ថុល អគ្គនាយកក្រុមហ៊ុនកាកាវ ដែលបានចាប់ផ្តើមដាំដុះតាំងពីចុងឆ្នាំ២០១៥ មកម្លេះ ។ មូលហេតុដែលសម្រេចឱ្យលោកបានជ្រើសរើសការដាំដំណាំកាកាវនេះ ព្រោះតែលោកមើលឃើញថានាពេលបច្ចុប្បន្ននេះពុំទាន់មាននរណានិយមដាំដំណាំនេះឡើយ ម្យ៉ាងទៀតលោកក៏បានមើលឃើញថាដំណាំកាកាវនេះក៏ជាដំណាំមួយដែលបានទីផ្សារល្អផងដែរ។
អគ្គនាយកក្រុមហ៊ុនកាកាវ បានបន្ថែមទៀតថា ដំណាំកាកាវនេះគឺស្រួលថែស្រួលដាំខ្លាំងណាស់ ហើយកាកាវចូលចិត្តអាកាសធាតុត្រជាក់ក្រោម ៣៦ អង្សារគឺអាចដាំដំណាំនេះបានហើយ។ តែបើក្រឡេកមកមើលខេត្តដែលអាចដំាកាកាវហើយទទួលបានផលល្អនោះគឺខេត្តមណ្ឌលគិរិ រតនៈគិរី ពីព្រោះខេត្តទាំងនេះគឺត្រជាក់លឿនហើយអាកាសធាតុបែបនេះគឺងាយស្រួលខ្លាំងណាស់ក្នុងការដាំកាកាវបាន។
លោក ជ្រិន ចាន់ថុល ដែលជាអគ្គនាយកក្រុមហ៊ុនកាកាវ បានបញ្ជាក់ថាចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅតំបន់ផ្សេងៗសុទ្ធតែអាចដាំដំណាំកាកាវនេះបានទាំងអស់ប៉ុន្តែអ្វីដែលសំខាន់នោះគឺកុំឱ្យតែប្រភេទដីចុមទឹក។ បែបនេះប្រសិនជាយើងចង់ដាំកាកាវនេះទីមួយគឺត្រូវរើសដីដែលមានជីវជាតិ ទី២មានទឹកគ្រប់គ្រាន់ផ្គត់ផ្គង់ ទីបីត្រូវចេះថែទាំ សរុបមកវិញរឿង៣នេះសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ដាំកាកាវ ប្រសិនជាយើងមានបីនេះគ្រប់គ្រាន់អាចចាប់ផ្តើមដាំកាកាវបានហើយ ហើយវានឹងទទួលបានផលល្អ។
៣. ដំណាំលម៉ើ
លោកគីម ហួរ ដែលជាស្ថាបនិកនៃកសិដ្ឋាន GreenFarm នាពេលបច្ចុប្បន្ននេះកំពុងតែកាក់កបខ្លាំងជាមួយនឹងរបរកសិកម្ម។ បន្ថែមពីនេះទៀត បើយោងទៅតាមបទសម្ភាសន៍ជាមួយ Business Cambodia លោកបានឱ្យដឹងថា តាមរយៈបទពិសោធន៍នៃការប្រកបរបរទាក់ទងនឹងវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំនោះ លោកមើលឃើញថា លម៉ើគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅស្រុក ដែលកសិករ និងអ្នកដែលចង់វិនិយោគទៅលើវិស័យកសិកម្មមិនគួរមើលរំលនោះឡើយ។
លោកបានបន្ថែមថា លម៉ើគឺជាដំណាំដែលមិនសូវពិបាកដាំដុះ និងមិនពិបាកក្នុងការមើលថែប៉ុន្មាននោះទេ។ ដោយក្នុងមួយហិកតាយើងអាចដាំបានខ្ទង់ ៤០០ដើម ប្រសិនបើយើងដាំ ៥×៥ ម៉ែត្រ។ ហើយក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ យើងអាចប្រមូលផលបានហើយ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងលម៉ើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គ្រាន់តែចាយពេលខ្ទង់ ៣ ឆ្នាំ យើងអាចអង្គុយចាំប្រមូលផលបានរហូតដល់ទៅជាង ៩០ ឆ្នាំឯណ្ណោះ។ ដោយគ្រាន់តែដាំ ១ ទៅ ២ហិកតាអាចទាញចំណូលចិញ្ចឹមយើងបានមួយជិវិត។
៤. ដំណាំផ្លែមន
និយាយដល់ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជាមានបងប្អូនខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំយកស្លឹកធ្វើជាចំណីដង្កូវនាង ផ្លែវាមានលក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែវាតូចជាងនិងពណ៍ខ្មៅលាយក្រហមតិចៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បានស្គាល់នៅឡើយទេ ព្រោះថានៅស្រុកខ្មែរយើងមិនសូវជាមានអ្នកដំណាំនេះច្រើនប៉ុន្មានទេ។
តួយ៉ាងដើមមនរាប់ពាន់ដើមដុះលូតលាស់ផ្ដល់ផ្លែឡើងខ្មៅពេញដើម កំពុងមានវត្ដមាននៅ ខេត្ដបាត់ដំប។ នៅក្នុងនោះម្ចាស់ចំការផ្លែមន នៅខេត្តបាត់ដំបងបានបង្ហើបថា លោកបានដាំផ្លែមន បានរយៈពេល ៧ឆ្នាំមកហើយដោយបច្ចុប្បន្ននេះដើមមនរបស់លោកមានចំនួន ៦ពាន់ដើម ហើយក្នុងមួយថ្ងៃលោកអាចលក់ចេញពី១០គីឡូ ទៅ២០គីឡូឯណោះ(និងលក់ផ្លែស្រស់បានមួយគីឡូ៨ដុល្លារ)។
ម្ចាស់ចំការផ្លែមននៅបាត់ដំបង បាននិយាយថា សម្រាប់ដំណាំមន គឺមានអត្ថប្រយោជន៍ជួយដល់សុខភាពជាច្រើនសូម្បីតែស្លឹករបស់វា សម្រាប់ផ្លែមនតែម្តងគឺជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ការពារមហារីក ចំណែកឯស្លឹកវាជួយដល់ការទប់សម្ពាធឈាមមិនងាយឱ្យឡើង។ ដំណាំមននេះដាំតែ១ឆ្នាំគឺបានផលហើយ សំខាន់ឱ្យតែដាំវានៅចំកណ្តាលថ្ងៃ ហើយប្រសិនជាយើងព្យាយាមបូតស្លឹកវា និងស្រោចទឹកវា គឺនឹងអាចទទួលបានផលសឹងតែរាល់ឆ្នាំ ព្រោះដំណាំមននេះឱ្យតែបូតស្លឹកចេញគឺវាចេញផ្លែតែម្តង។
សម្រាប់ដំណាំមននេះមិនពិបាកដាំដូចផ្លែឈើដទៃឡើយព្រោះដំណាំមននេះជាប្រភេទផ្លែឈើមិនរើសដីទេ ពោលគឺខែលិចទឹកក៏មិនអី ខែប្រាំងក៏មិនអីដែរ ប៉ុន្តែប្រសិនជាយើងចង់បានផ្លែវាឱ្យកាន់តែលឿនយើងត្រូវស្រោចទឹកបន្ទាប់ពីបូតស្លឹកចេញដើម្បីឱ្យវាឆាប់ចេញផ្លែ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ទិញដើមផ្លែមន ឬចង់ពិភាក្សាទាក់ទងជាមួយបច្ចេកទេសដាំដុះ អាចទំនាក់ទំនងទៅកាន់ម្ចាស់ចំការផ្ទាល់ ដែលមានលេខទំនាក់ទំនងដូចជា៖ 086 887 782/092 257 256៕
អត្ថបទ៖ ធី ស្រីល័ក្ខ


