សម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជា និងធនាគារពិភបលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០លានដុល្លារ ហើយគ្រោងនឹងបន្ថែមទំហំហិរញ្ញប្បទានបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗក្នុងឆ្នាំបន្តបន្ទាប់។
កិច្ចព្រមព្រៀងខាងលើធ្វើឡើង ក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួសេដ្ឋកិច្ច បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ (World Bank's Director Division for Vietnam, Cambodia, and Lao PDR) កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ ជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារពិភពលោក នាពេលកន្លងមក, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្ដេជ្ញាចិត្តរបស់ធនាគារ ពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារ ពិភពលោក ឆ្នាំ ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029)។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្ដោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បី ពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស៕




