បើតាមការឱ្យដឹងរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មុននេះបន្តិចបានធ្វើសេចក្តីជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ Call Center របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានលេខទូរស័ព្ទ ១២៨៩។ ដែលបងប្អូនកសិករអាចធ្វើការសាកសួរអំពីបញ្ហាកសិកម្មបានដូចជា ការដាំដុះដំណាំ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការកែច្នៃផលិតផលកសិកម្ម និងព័ត៌មានផ្សេងៗជាច្រើនទៀត។
ដោយក្នុងនោះ បងប្អូនកសិករអាចហៅទៅកាន់លេខទូរស័ព្ទ ១២៨៩ នេះបានដោយមិនគិតថ្លៃសេវាពីគ្រប់ប្រព័ន្ធទូរស័ព្ទ ទោះបីជាគ្មានទឹកប្រាក់ក្នុងទូរស័ព្ទក៏ដោយ។ហើយចំពោះម៉ោងធ្វើការគឺ ពេលព្រឹកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៤៖៣០នាទី ។
គួរបញ្ជាក់ផងដែរថា ក្រៅពីម៉ោងការងារ បងប្អូនក៏អាចធ្វើការទំនាក់ទំនង ដោយផ្ញើរសារជាសម្លេងនិងលេខទូរស័ព្ទ ក្រុមការងារនឹងទាក់ទងត្រឡប់ទៅវិញនៅម៉ោងធ្វើការ៕