ពីមនុស្សដែលធ្លាប់ដើរផ្លូវខុសរហូតជាប់ពន្ធធនាគារអស់ ៦ឆ្នាំ លោក Ali Elreda បានផ្លាស់ប្តូរខ្លួនពីអ្នកទោសក្លាយខ្លួនទៅជាម្ចាស់ហាងអាហារ ៥កន្លែងធំៗ នៅសហរដ្ឋអាមេរិក ដែលកំពុងតែកើបចំណូលមួយខែរាប់ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា មុនពេល លោក Ali Elreda ក្លាយខ្លួនទៅជាម្ចាស់ភោជនីយដ្ឋាន Fatima’s Grill ដែលមានទីតាំងស្ថិតនៅ Downey រដ្ឋ California ដើមឡើយលោកគឺជាអ្នកទោសមួយរូបដែលបានជាប់ពន្ធធនាគារអស់រយៈពេល៦ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ប៉ុន្តែដោយសារតែពាក្យថា “ជឿជាក់លើឱកាសទីពីរ” លោកក៏បានចាប់ឱកាសរៀនជំនាញធ្វើម្ហូបនៅក្នុងគុក រហូតចេះចាំស្ទាត់។
លុះចេញពីពន្ធធនាគារវិញក្នុងឆ្នាំ ២០១៦ បុរសវ័យ៤៧ ឆ្នាំរូបនេះបើកភោជនីយដ្ឋានមួយដែលផ្តល់សេវាកម្មម្ហូបអាហារបែបអាមេរិកជាច្រើនប្រភេទ ជាមួយនឹងកូនស្រីរបស់គាត់ ។ នៅអំឡុងពេលរកស៊ីនោះកូនស្រីរបស់គាត់បានជួយគាត់ថតជារូបនិងវីដេអូផុសនៅតាមបណ្តាញសង្គមដូចជា Tik Tok , Instagram ដើម្បីធ្វើការផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅរបស់គាត់។ ដូចជាការគ្រោងទុក ក្រោយផុសផ្សព្វផ្សាយរួចអាជីវកម្មគាត់ចាប់ផ្តើមមានភ្ញៀវកើនឡើងជាបន្តបន្ទាប់ រហូតក្លាយជាយីហោល្បីមានអ្នកតាម ១,៤លាននាក់ លក់ដាច់រហូតពង្រីកសាខាបានជាបន្តបន្ទាប់ដល់ទៅ៦សាខាក្នុងឆ្នាំ ២០២១។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ហាងអាហាររបស់អតីតអ្នកទោសរូបនេះអាចរកប្រាក់ចំណូលបាន ១.៨លានដុល្លារ ដែលចំណូលភាគច្រើនគាត់បានមកពីការលក់សិទ្ធិអាជីវកម្ម ស្របពេលដែលនៅក្នុងឆ្នាំថ្មីនេះ លោកមានគម្រោងពង្រីកសាខាបន្ថែមទៀតទៅដល់ក្រៅប្រទេសថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ត្រង់ចំណុចនេះចង់បញ្ជាក់ឱ្យបងប្អូនអ្នកអានបានឃើញថា មិនថាជីវិតជួបផ្លូវខុសប៉ុន្មានដង ឱកាសកែខ្លួននៅតែមានឱ្យតែយើងមានចិត្តគំនិតចង់កែប្រែ ព្រោះពេលខ្លះលើកទីមួយអាចខុសតែឱកាសទីពីរវាអាចជាការចាប់ផ្តើមថ្មីដែលល្អ ហើយអាចល្អលើសពីមុនថែមទៀតផង ដូច្នេះមិនថាមានរឿងអ្វីកុំអស់សង្ឃឹមក្នុងជីវិត៕


