នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឆ្នាំចាស់នឹងផ្លាស់ទៅហើយចូលជំនួសមកវិញនូវឆ្នាំថ្មីឆ្នាំ ២០២៤ ។ ហើយស្របពេលដែលឆ្នាំថ្មីឈានចូលមកដល់ ក៏មានបងប្អូនជាច្រើននាក់បានត្រៀមរៀបចំផែនការថ្មីៗសម្រាប់ខ្លួនឯង ទាំងផែនជីវិត ការងារ ការសិក្សា និងការរកស៊ី និងមានបងប្អូនមួយចំនួនទៀតបាននឹងកំពុងគិតគូរលើការរកស៊ីបង្កើតមុខរបរមួយជារបស់ខ្លួនឯងពិសេសសម្រាប់អ្នកដែលមានបំណងចង់បើកហាងនំខេក ច្បាស់កំពុងគិតទៅដល់ដើមទុន កំពុងតែសួរខ្លួនឯងថា តើគួរត្រៀមទុនប៉ុន្មានទើបអាចចាប់ផ្តើមរកស៊ីវិស័យនេះបាន?
ជាក់ស្តែងតាមការលើកឡើងរបស់លោក ជីវ ហ៊ុយស្រេង ស្ថាបនិក សោមាខេក បានប្រាប់ក្រុមការងារចាបក្រហមយ៉ាងដូច្នេះថា “ដើម្បីអាចបើកហាងរកស៊ីវិស័យនំខេកនេះបានយ៉ាងតិចក៏ត្រូវចាយទុនចន្លោះពី ៤ ទៅ ៥ ពាន់ដុល្លារដែរ”។ លោកបានបន្តប្រាប់ទៀតថា ដើមទុនចំនួននេះសម្រាប់ការចាប់ផ្តើមដំបូងៗដែលគាត់មានកន្លែងខ្លួនឯងស្រាប់ បើជួលទីតាំងគេហើយចង់បើកហាងធំៗដូចគេគឺត្រូវចំណាយខ្ទង់ម៉ឺនឡើង ព្រោះវិស័យនំខេកនេះត្រូវចំណាយច្រើន ជាពិសេសលើម៉ាស៊ីនវាយម្សៅ ម៉ាស៊ីនដុតនំ ទូសម្រាប់ដាក់នំ គ្រឿងផ្សំសម្រាប់ដេគ័រនំ និងការចំណាយទៅលើការរៀបចំផ្សេងៗមួយចំនួនទៀត។
បន្ថែមទៅលើដើមទុន សហគ្រិនវ័យក្មេងរូបនេះបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការត្រៀមទុនដើម្បីរកស៊ីបើកហាងនំខេក បងប្អូនក៏ត្រូវសួរខ្លួនឯងជាមុនសិនថាតើយើងពិតជាស្រឡាញ់ចូលចិត្តការធ្វើនំនេះពិតប្រាកដចេញពីចិត្តឬគ្រាន់តែចង់រកស៊ីតាមចង់មួយឆាវៗ ព្រោះការធ្វើនំខេកលក់នេះតម្រូវឱ្យម្ចាស់អាជីវកម្មមានចិត្តអំណត់ តស៊ូ និងជាអ្នកចូលចិត្តធ្វើការកំប៉ិកកំប៉ុក ដោយហេតុថាការធ្វើនំខេកមួយៗត្រូវចំណាយពេលយូរនិងត្រូវឆ្លងកាត់ដំណាក់កាលពីមួយទៅមួយទម្រាំតែអាចផលិតចេញជានំតម្លៃ ៥ដុល្លារ ១០ដុល្លារបាន។ ហើយយបើប៉ះការធ្វើនំផលិតពីស្ករទៀតត្រូវចំណាយពេលរាប់អាទិត្យទើបធ្វើហើយ ដូចនេះបើអ្នកមិនចេះ មិនចូលចិត្តធ្វើមិនងាយប៉ុន្មានឡើយ។
ដូចដែលលោក ហ៊ុនស្រេង បានបញ្ជាក់ខាងលើទាក់ទងនឹងដើមទុនក្នុងការរកស៊ីបើកហាងនំខេកនេះ សង្ឃឹមថាបងប្អូនដែលមានបំណងចង់ប្រឡូកវិស័យនេះអាចទទួលបានចំណេះដឹងបន្ថែមមុននឹងឈានដល់ការបើកហាង ដែលចៀសវាងការបើកតាមចិត្តចង់ដែលនាំឱ្យមានការខាតបង់ប្រាក់កាក់និងពេលវេលា៕


