ដូចប្រិយមិត្ដបានជ្រាបរួចមកហើយថា ក្រុមហ៊ុន BYD បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ដអគ្គិសនីរបស់ខ្លួនក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលមានទីតាំងស្ថិតនៅខេត្ដព្រះសីហនុ។ ហើយរោងចក្រថ្មីនេះដ៏ត្រូវបានបញ្ចប់សាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ កន្លងទៅ និងបានប្រតិបត្ដិការដំឡើងរថយន្ដផងដែរ។

តាមការបញ្ជាក់ពីក្រុមហ៊ុន BYD រោងចក្រដំបូងរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជានេះ ប្រតិបត្ដិការដំឡើងរថយន្ដ ២ ម៉ូដែលគឺ BYD SEALION 5 និង BYD ATTO 2 ដែលជាម៉ូដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារ។ ជាមួយគ្នានេះ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្ពោធមជ្ឈមណ្ឌលរថយន្តរបស់ខ្លួនដែលមានទីតាំងស្ថិតនៅបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្រុមហ៊ុន BYD ក៏ទើបបានប្រគល់រថយន្ដដែលដំឡើងនៅកម្ពុជាដំបូងគេចំនួន២គ្រឿងជូនអតិថិជនថែមទៀតផង។

យ៉ាងណាតាមការឲ្យដឹងពីក្រុមហ៊ុន BYD មកកាន់ Business Cambodia រថយន្ដដែលដំឡើងនៅកម្ពុជាទាំងពីរម៉ូដែលខាងលើគឺដាក់លក់ក្នុងតម្លៃ ២២ ៣០០ ដុល្លារសម្រាប់ម៉ូដែល BYD ATTO 2 និង ២៩ ៨០០ ដុល្លារសម្រាប់ម៉ូដែល BYD SEALION 5។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់រថយន្ដ BYD ដែលដំឡើងនៅកម្ពុជា ឬរថយន្ដ BYD ម៉ូដែលផ្សេងទៀត អាចធ្វើការទាក់ទងសាកសួរព័ត៌មានទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 017 555 924 ឬហ្វេសប៊ុកផេក BYD Cambodia។

សូមបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្ដ BYD គឹមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដី១២ ហិកតា សម្រាប់ដំណាក់កាលទី១ និងមានសមត្ថភាពអាចដំឡើងរថយន្ដបានចំនួន ១ ម៉ឺនគ្រឿងនៅក្នុង១ឆ្នាំ។ ខណៈរោងចក្រខាងលើនេះក្រុមហ៊ុន បានបោះទុនវិនិយោគប្រមាណ ៣១ លានដុល្លារផងដែរ៕




