ឆ្នាំថ្មី ប្រទេសថៃឡើងកូដ ខណៈ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន BYD បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតរថយន្តដ៏ធំមួយនៅក្នុងប្រទេសថៃ ជាមួយទុនជិត៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងមួយឆ្នាំក្រុមហ៊ុនដាក់គោលដៅផលិត ឱ្យបានជាង១០ម៉ឺនគ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI កាលពីពេលកន្លងទៅនេះ។
លោក Liu Xueliang អ្នកគ្រប់គ្រងនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD បាននិយាយថា ក្រុមហ៊ុនមានបំណងសាងសង់មជ្ឈមណ្ឌលផលិតកម្មនៅក្នុងប្រទេសថៃសម្រាប់រថយន្តអគ្គិសនីបើកបរស្តាំ។ លោកបានបន្តទៀតថា សមត្ថភាពប្រចាំឆ្នាំរបស់រោងចក្រនេះនឹងមានចំនួន ១៥ ម៉ឺនគ្រឿង ខណៈក្រុមហ៊ុនមានបំណងលក់រថយន្តចំនួន ១ម៉ឺនគ្រឿងនៅក្នុងប្រទេសថៃ និងនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។
ទន្ទឹមនឹងនេះដែរ រោងចក្រខ្នាតធំមួយនេះ មានទំហំផ្ទៃដីសរុបចំនួន ៥៦ហិចតា ចាយទុនអស់ប្រមាណជា ១៧,៩ ពាន់លានបាត ត្រូវនឹង ៤៩១,៥ លានដុល្លារ ដែលគ្របដណ្តប់នៅលើខេត្តអយុធ្យា ប្រទេសថៃ ស្ថិតនៅភាគខាងជើងនៃទីក្រុងបាងកក។ រោងចក្រនេះ គឺជារោងចក្រចុងក្រោយគេក្នុងចំណោមជាង ៣០ ផ្សេងទៀតនៅសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា។
គួរជម្រាបផងដែរថា គិតត្រឹមនៅត្រីមាសទី៤ ចុងឆ្នាំ២០២៣ នេះ BYD បានទទួលដំណែងជើងឯកលេខ១ក្នុងវិស័យឡានអគ្គិសនី ដោយវ៉ាផ្តាច់ Tesla របស់លោក Elon Musk ដែលធ្លាប់តែជាជើងឯកអស់រយៈពេលក្បែរ២១ឆ្នាំ៕


