ទីបំផុតរោងចក្រដំឡើងរថយន្ដអគ្គិសនីដំបូងគេនៅកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន BYD តម្លៃជាង ៣០ លានដុល្លារ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នឹងត្រៀមដំណើរការផលិតកម្មនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រផ្គុំដំឡើងរថយន្ត BYD Cambodia ដែលទើបសាងសង់រួចរាល់ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ ផ្សព្វផ្សាយនូវភាពវិជ្ជមាននៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក តាមរយៈវត្តមានរបស់ក្រុមហ៊ុនខ្នាតយក្សដូចជា BYD គឺជាភស្តុតាងមិនអាចប្រកែកបានដែលបង្ហាញថា កម្ពុជាគឺជាគោលដៅវិនិយោគដ៏មានសក្តានុពល សុវត្ថិភាព និងផ្ដល់ផលចំណេញខ្ពស់។

ឯកឧត្តម បានរំពឹងថា BYD នឹងពាំនាំនូវបទពិសោធន៍វិជ្ជមានក្នុងការវិនិយោគនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងបណ្តាញទំនាក់ទំនងវិនិយោគរបស់ខ្លួនបន្ថែមទៀត ហើយការចុះពិនិត្យដោយផ្ទាល់របស់នាឱកាសនេះ ក៏ជាការផ្ញើសារយ៉ាងរឹងមាំទៅកាន់វិនិយោគិនអន្តរជាតិថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមាននិរន្តរភាព។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ក.អ.ក. នឹងបន្តតួនាទីជាអ្នកសម្របសម្រួលការងារវិនិយោគដ៏ល្អ សម្រាប់រាល់គ្រប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ក៏ដូចជាសម្រាប់ក្រុមហ៊ុន BYD ផ្ទាល់តាំងពីដើមរៀងមក។ លើសពីនេះ ឯកឧត្តមបានមានប្រសាសន៍ថា ក.អ.ក. នឹងយកបទពិសោធន៍នៃការសម្របសម្រួលជូនក្រុមហ៊ុន BYD ធ្វើជាគំរូដើម្បីពង្រឹងប្រសិទ្ធភាពសេវាវិនិយោគ សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតនាពេលអនាគត។ លើសពីនេះ ក.អ.ក. នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ BYD ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ក្នុងគោលបំណងជំរុញផលិតភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

គួររំលឹកផងដែរថា រោងចក្រដំឡើងរថយន្ដ BYD នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លើផ្ទៃដី ១២ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសេដ្ឋកិច្ចព្រះសីហនុ ខេត្ដព្រះសីហនុ។ ដោយក្នុងនោះក្រុមហ៊ុន BYD បានបោះទុនសរុបចំនួន ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១។ នៅពេលបើកដំណើររោងចក្រមានសមត្ថភាពដំឡើងរថយន្ដសរុប ១ ម៉ឺនគ្រឿងនៅក្នុង១ ឆ្នាំៗ៕






