នៅខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺនៅខែក្រោយនេះ រោងចក្រដំឡើងរថយន្ដអគ្គិសនី BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងចាប់ផ្ដើមបើកដំណើរការហើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក យៀក ឆឹងហ៊ុយ (Ye Chenghui) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co., Ltd. នៅក្នុងពិធីសម្ពោធរថយន្ត BYD Seal 5 Super Hybrid និង BYD M9 មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។
យ៉ាងណាតាមការបញ្ជាក់ពីក្រុមហ៊ុន BYD មកកាន់ Business Cambodia នៅពេលរោងចក្រនៅកម្ពុជាបើកដំណើរការ ក្រុមហ៊ុន BYD នឹងធ្វើការដំឡើងរថយន្ដចំនួន ២ ម៉ូដែល គឺរថយន្ដ 𝗕𝗬𝗗 ម៉ូដែល 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 𝗦𝘂𝗽𝗲𝗿 𝗛𝘆𝗯𝗿𝗶𝗱 និងរថយន្ដ 𝗕𝗬𝗗 ម៉ូដែល 𝗔𝗧𝗧𝗢 𝟮 មុនគេ។ យ៉ាងណាសម្រាប់តម្លៃដែលនឹងដាក់លក់នៅលើទីផ្សារក្រុមហ៊ុនពុំទាន់បានបញ្ចេញនៅឡើយនោះទេ។
គួរជម្រាបផងដែរថា រោងចក្រដំឡើងរថយន្ដ BYD នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លើផ្ទៃដី ១២ ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសេដ្ឋកិច្ចព្រះសីហនុ ខេត្ដព្រះសីហនុ។ ដោយក្នុងនោះក្រុមហ៊ុន BYD បានបោះទុនសរុបចំនួន ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១។ នៅពេលបើកដំណើររោងចក្រមានសមត្ថភាពដំឡើងរថយន្ដសរុប ១ ម៉ឺនគ្រឿងនៅក្នុង១ ឆ្នាំៗ៕