អ្នកអភិវឌ្ឍន៍បុរី និងអ្នកជំនាញ ផ្ដល់ដំបូន្មានសំខាន់ៗ ដែលអ្នកចង់ទិញផ្ទះបង់រំលស់ត្រូវសិក្សាចៀសវាងជួបបញ្ហា
Bunthoeun KoemSEPTEMBER 23 202635 views

ការទិញអចលនទ្រព្យមិនថា ដើម្បីរស់នៅ ឬដើម្បីធ្វើការវិនិយោគនោះទេ គឺជាការសម្រេចចិត្ត ដ៏សំខាន់មួយក្នុងជីវិត ដែលទាមទារឱ្យអ្នកទិញ មានការយល់ដឹងច្បាស់លាស់ ពីស្ថានភាពហិរញ្ញវត្ថុ ទីតាំង និងកិច្ចសន្យាច្បាប់ ដើម្បីបង្ការទិញហើយជួបបញ្ហានៅពាក់កណ្ដាលទី ឬធ្លាក់ចូលក្នុងបំណុល ជាយកថាហេតុ ។ 

 

ទាក់ទងនឹងបញ្ហានេះដែរ លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកបុរី ឡុងនី និងក្រុមហ៊ុនបូទីកា បានចែករំលែកនូវដំបូន្មានសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញថ្មីថ្មោង ។ ថ្លែងប្រាប់ Business Cambodia លោកឧកញ៉ាបានលើកឡើងថា ៖ កត្តាចម្បងបំផុតដែលអ្នកទិញត្រូវពិចារណា គឺការវាយតម្លៃ លើស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ឱ្យបានច្បាស់លាស់ ដោយត្រូវដឹងពី ប្រភពចំណូលពិតប្រាកដ និងចៀសវាងដាច់ខាតនូវ ការទិញទាំងប្រថុយប្រថាន ឬ ទិញដើម្បីតែបង្អួតគេ ដែលជាចំណុចគ្រោះថ្នាក់បំផុត ។

 

656357332 1262641562729725 1644575700392502157 N

 

ទន្ទឹមនឹងនេះ ការស្គាល់ពីកេរ្តិ៍ឈ្មោះនិងប្រវត្តិរបស់បុរី ក៏ជារឿងមិនអាចខកខានបានឡើយ ដោយសារបុរីខ្លះ ទោះបីជាមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែខ្វះការគោរពកិច្ចសន្យា និងវិជ្ជាជីវៈ ដែលនាំឱ្យមានការបោះបង់ចោលគម្រោង ។ បច្ចុប្បន្ន អ្នកទិញអាចស្វែងរកព័ត៌មានទាំងនេះ បានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ ឬទៅពិនិត្យមើលគម្រោងជាក់ស្តែង ។ 

 

សម្រាប់បុរីដែលមានកេរ្តិ៍ឈ្មោះល្អ អ្វីដែលត្រូវផ្ទៀងផ្ទាត់បន្ថែមមានដូចជា ៖ អាជ្ញាប័ណ្ណ ប្លង់គ្របដណ្តប់ត្រឹមត្រូវ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងការពិនិត្យមើលប្លង់ផ្ទះ ដើម្បីធានាថា មិនមានការកែច្នៃបន្ថែមថយខុសលក្ខណៈបច្ចេកទេសដើម្បីតែផលចំណេញនោះឡើយ ។

 

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា បើថវិកាមិនទាន់គ្រប់គ្រាន់ទេ មិនគួរទាន់សម្រេចចិត្តទិញនោះឡើយ។ លោកបានពន្យល់ថា ពាក្យថាលុយគ្រប់ មិនមែនមានន័យថា ទាល់តែមានលុយទាំងដុំ ទើបទៅទិញផ្ទះនោះទេ ប៉ុន្តែជាការគណនារួមគ្នា រវាងសមាជិកគ្រួសារដូចជា ប្តី ប្រពន្ធ ឬកូន ដើម្បីមើលថា តើមានលទ្ធភាពបង់រំលស់ប្រចាំខែដែរ ឬទេ ? ប្រសិនបើ វាយតម្លៃឃើញថា អាចបង់បាន ការសម្រេចចិត្តទិញក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អប្រសើរ ព្រោះទីផ្សារបច្ចុប្បន្ន ផ្តល់អំណាចដល់អ្នកទិញ ច្រើនជាងអ្នកលក់។ ម្យ៉ាងម្ចាស់គម្រោងនានា បានផ្តល់ភាពបត់បែន និងសម្រួលដល់ការទូទាត់យ៉ាងច្រើន ហើយម្ខាងទៀត គ្រឹះស្ថានធនាគារ ក៏មានការប្រកួតប្រជែងខ្លាំង លើអត្រាការប្រាក់ ដោយទម្លាក់មកត្រឹម ៦,៥ % ឬរហូតដល់ ៥ % ក្នុង ១ ឆ្នាំក៏មាន ។

 

475804943 1015619500591417 5980784165039607698 N

 

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយ លើកទឹកចិត្តដល់អ្នកទិញផ្ទះ សម្រាប់ស្នាក់នៅ តាមរយៈការបន្ធូរបន្ថយពន្ធ និងការជំរុញផ្នែកប្រព័ន្ធធនាគារផងដែរ ។ លើសពីនេះ ខាងក្រុមហ៊ុន បុរីផ្ទាល់ ក៏បានបង្កើត កម្មវិធីប្រកួតប្រជែងបង់រំលស់ ដោយគ្មានការប្រាក់ ក្នុងរយៈពេលវែង ដូចជា គម្រោងរបស់ បុរី ឡុងនី ដែលអនុញ្ញាតឱ្យអតិថិជនបង់ត្រឹមតែ ០,៥ % នៃតម្លៃផ្ទះក្នុង ១ ខែ ដោយគ្មានការប្រាក់ទាល់តែសោះ សម្រាប់រយៈពេល ៣០ ខែដំបូង ដែលទឹកប្រាក់បង់ប្រចាំខែទាំងនោះ គឺកាត់ចូលប្រាក់ដើមសុទ្ធតែម្តង ។ 

 

ទាក់ទងនឹងការទិញផ្ទះនេះដែរ លោកស្រី គឹម គិនកេសា នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន Advantage Property Services ( APS Cambodia ) និងជាអ្នកជំនាញផ្នែកអលចនទ្រព្យ ផងនោះ បានផ្ដល់នូវទស្សនៈ និងគំនិត ស្រដៀងគ្នានឹងម្ចាស់ បុរី ឡុងនី លោកឧកញ៉ា កែវ បូណ៌ភិរក្ស ផងដែរ ។ ដោយក្នុងនោះលោកស្រីបានចែកចេញជា ៥ ចំណុច ដែលអ្នកទិញត្រូវតែសិក្សាឱ្យបានច្បាស់លស់ មុននឹងសម្រេចចិត្ដ ។

 

760523116 1021018497306647 1371569200022892145 N

 

១. ចំណេះដឹង និងស្ថានភាពហិរញ្ញវត្ថុច្បាស់លាស់

 

លោកស្រីថា មុននឹងឈានដល់ការទិញ ឬបង់រំលោះលំនៅឋាន អ្នកទិញ ត្រូវដឹងច្បាស់ពីគោលបំណងនៃការទិញ ( ទិញដើម្បីរស់នៅ ឬ ដើម្បីវិនិយោគ ) ។ ហើយអ្វីដែលសំខាន់បំផុតគឺ កុំប្រញាប់ទិញ ប្រសិនបើយើង មិនទាន់មានលទ្ធភាពគ្រប់គ្រាន់។ លោកស្រីបានបញ្ជាក់ថា អ្នកទិញគួរតែមានប្រាក់សន្សំ ឬ ប្រាក់បង់មុនយ៉ាងហោចណាស់ ៤០ % ទៅ ៥០ % នៃតម្លៃផ្ទះ ។  លោកស្រីបន្ដថា ការដែលមានប្រាក់បង់មុនត្រឹមតែ ២០ % ហើយខំប្រឹងបង់រំលោះទាំងប្រថុយប្រថាន គឺមានហានិភ័យខ្ពស់ខ្លាំង ដែលអាចនាំឱ្យលង់ខ្លួន ក្នុងវិបត្តិបំណុល ។ សម្រាប់គ្រួសារថ្មីថ្មោង ឬ អ្នកទើបចេញធ្វើការ ប្រសិនបើតម្រូវការ ត្រឹមតែរស់នៅម្នាក់ឯង ការជួលផ្ទះរស់នៅបណ្តោះអាសន្ន មិនមែនជារឿងខុសឆ្គងនោះទេ ។  

 

២. ជ្រើសរើសទីតាំង និងប្រភេទទ្រព្យ

 

ការជ្រើសរើសទីតាំងខុស អាចប៉ះពាល់យ៉ាងខ្លាំង ដល់ប្រសិទ្ធភាពការងារ ពេលវេលា ថវិកាចំណាយធ្វើដំណើរ និងសុខភាពផ្លូវកាយផ្លូវចិត្ត។ ប្រសិនបើ អ្នកធ្វើការនៅតំបន់កណ្តាលក្រុង ( ដូចជា ដូនពេញ ឬ បឹងកេងកង ) មិនគួរទៅទិញផ្ទះ នៅទីតាំងឆ្ងាយខ្លាំង ( ដូចជា ចោមចៅ ) ត្រឹមតែដោយសារតែ ឃើញតម្លៃវាថោកជាងនោះទេ។ លោកស្រីថា បច្ចុប្បន្ន មានចរន្តអ្នករស់នៅក្រៅក្រុងមួយចំនួន បានផ្លាស់ប្តូរទម្លាប់មករស់នៅក្នុងក្រុងវិញ ដោយសារធុញទ្រាន់ នឹងការកកស្ទះ និងការធ្វើដំណើរឆ្ងាយ ។ អ្នកដែលចង់រស់នៅក្នុងក្រុងឡើងវិញ ចែកចេញជា ជម្រើសទិញ ផ្ទះផ្ទាល់ដី ឬ ទិញខុនដូ ដែលសមស្របទៅតាម ថវិការបស់ខ្លួន ។  

 

៣. ពិនិត្យប្រវត្តិរូប និងលិខិតបទដ្ឋានច្បាប់របស់អ្នកអភិវឌ្ឍន៍

 

ត្រង់ចំណុចនេះលោកស្រីថា អ្នកទិញត្រូវសិក្សាពីប្រវត្តិរូប ( Background ) និងបទពិសោធន៍របស់អ្នកអភិវឌ្ឍន៍គម្រោងឱ្យបានច្បាស់លាស់ ។ ត្រូវសួរដេញដោល និងសុំមើលឯកសារផ្លូវច្បាប់សំខាន់ៗ ដូចជា ប្លង់ដី, អាជ្ញាប័ណ្ណអភិវឌ្ឍន៍, និងលិខិតអនុញ្ញាតបើកការដ្ឋាន។ ចៀសវាងដាច់ខាតនូវការ ទិញគម្រោងដែលគ្មានប្លង់ ឬ គ្មានឯកសារច្បាប់ត្រឹមត្រូវ ។  

 

៤. យល់ដឹងពីកិច្ចសន្យាទិញ-លក់ (SPA )

 

អ្នកជំនាញរូបនេះថា អ្នកទិញត្រូវទាមទារសុំមើល និងអានកិច្ចសន្យាទិញ-លក់ ( Sales and Purchase Agreement – SPA ) ឱ្យបានលម្អិតល្អន់ មុននឹងចុះហត្ថលេខា ។ បន្ថែមពីនោះ ត្រូវយល់ពីកាតព្វកិច្ចទាំងសងខាង ទាំងភាគីអ្នកទិញ និងភាគីអ្នកលក់ ប្រសិនបើមានបញ្ហាហិរញ្ញវត្ថុ ឬបញ្ហាដូចជា វិបត្តិកូវីដ-១៩, គ្រោះធម្មជាតិ ឬសង្គ្រាម កើតឡើង។ ប្រសិនបើយើងមិនយល់ច្បាស់ ពីលក្ខខណ្ឌក្នុងកិច្ចសន្យាទេ គួរសស្វែងរកការពិគ្រោះយោបល់ ជាមួយអ្នកច្បាប់ ឬ ភ្នាក់ងារអចលនទ្រព្យដែលគួរឱ្យទុកចិត្ត ។  

 

៥. ជ្រើសរើសប្រភពទុនបង់រំលោះ

 

លោកស្រីថា ការបង់រំលស់ជាមួយធនាគារ និងបង់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង គឺមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា ៖

 

ការបង់រំលោះតាមធនាគារ ៖ មានអត្រាការប្រាក់ទាបជាង។ ទោះបីជាតម្រូវឱ្យមានឯកសារច្រើន ប៉ុន្តែធនាគារគឺជាអ្នកជួយ ឬវាយតម្លៃសុពលភាពនៃប្លង់គម្រោង និងជួយវាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់យើង ដើម្បីការពារហានិភ័យ ។  

 

ការបង់រំលោះជាមួយម្ចាស់គម្រោង ៖ មានភាពបត់បែនខ្ពស់ សម្រួលដល់អ្នករកស៊ី ឬអាជីវករដែលគ្មានចំណូលថេរប្រចាំខែ ប៉ុន្តែមានសាច់ប្រាក់ដុំ។ យ៉ាងណាមិញ ការបង់ជាមួយម្ចាស់គម្រោងភាគច្រើនមានអត្រាការប្រាក់ខ្ពស់ ។  

 

មុននឹងសម្រេចចិត្តប្តេជ្ញាចិត្ត លើការបង់រំលោះរយៈពេលវែងពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ អ្នកទិញមិនត្រូវមើលតែលើប្រាក់ ដែលត្រូវបង់ប្រចាំខែមួយមុខនោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ លើអត្រាការប្រាក់ ការចំណាយបន្ថែម និងផែនការបម្រុង ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ។

 

សូមជម្រាបថា APS Cambodia គឺជាក្រុមហ៊ុន​ ផ្ដល់សេវាកម្មអចលនទ្រព្យឈានមុខគេមួយ នៅកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម៉េ្លះ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសេវាកម្មដូចជា ៖ ការលក់-ជួល ការគ្រប់គ្រងអចលនទ្រព្យ និងគម្រោង ការវាយតម្លៃ ការប្រឹក្សាយោបល់ និងសេវាកម្មស្រាវជ្រាវជាដើម ។ សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន APS Cambodia អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ៖ 012 930 709 ឬហ្វេសប៊ុកផេក APS Cambodia ឬក៏ ចូលទៅកាន់វេបសាយ ៖ https://aps.com.kh/​ ។ 

 

ដោយឡែក សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះថ្មីដែលមានគុណភាពល្អ ទំនុកចិត្ដ សំណង់សាងសង់រួចរាល់ ១០០ ភាគរយ និងស្ថិតនៅទីតាំងសក្ដានុពល អាចស្វែងរកនៅក្នុងគម្រោង បុរី ឡុងនី បាន​។ ខណៈនៅក្នុងគម្រោងរបស់ បុរី គឺមានការសាងសង់ប្រភេទផ្ទះជាច្រើនប្រភេទ ដែលអាចធ្វើការជ្រើសរើសបាន។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរសព្ទ៖ (017-098) 782 777 / (012-093) 642 333 / (010-011) 88 11 58៕ 

 

481449296 1039095888243778 1611820981418063895 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia