ការបង់រំលស់គឺមានភាពពេញនិយមមែនទែន ពិសេសការរំលស់លើការទិញលំនៅឋានសម្រាប់រស់នៅតែម្ដង។ ជាទូទៅការបង់រំលស់លំនៅឋានគឺធ្វើឡើង ២ របៀប ដោយរបៀបទី១ រំលស់ជាមួយម្ចាស់គម្រោង និងទី២ រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់។ ដូច្នេះតើការបង់រំលស់ ២ ខាងលើនេះមួយណាល្អ និងមានសុវត្ថិភាពជាង?
តាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា សម្រាប់អ្នកចង់រំលស់លំនៅឋាន គួរបង់រំលស់ជាមួយនឹងធនាគារ ព្រោះថាការទិញផ្ទះដោយបង់រំលស់ជាមួយធនាគារគឺគេនឹងសិក្សាលើប្រាក់ចំណូលរបស់យើងថាអាចរត់រួចសម្រាប់ការបង់ប្រាក់ប្រចាំខែបានដែរឬទេ? បើការសិក្សាឃើញថាចំណូលរត់រួចនោះយើងនឹងអាចរំលស់បាន ដូច្នេះយើងដែលជាអ្នកទិញនឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ការបង់រំសល់បានទៅថ្ងៃអនាគត។
លោកបន្ដថា កន្លងមកនេះយើងឃើញមានអ្នកបង់រំលស់លំនៅឋានមួយចំនួនត្រូវបានបោះបង់ពាក់កណ្ដាលទី ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងមិនអាចទ្រាំទ្របង់ប្រាក់រំលស់ប្រចាំខែបន្ដទៅទៀតបាន។ ហើយបញ្ហានេះ កើតមានឡើងដោយសារតែមុនពេលសម្រេចចិត្ដបង់រំលស់ពុំបានសិក្សាប្រាក់ចំណូលខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីមានការសិក្សាច្បាស់លាស់ប្រភពចំណូល ការបង់រំលស់ជាមួយធនាគារ គឺមានអត្រាការទាបជាងនឹងការរំលស់ជាមួយម្ចាស់គម្រោងផងដែរ។ ដូច្នេះ ចង់មិនចង់ នឹងធ្វើឲ្យយើងនៅសល់ថវិកាខ្លះពីការបង់ផ្ទះនេះ។
លោកបន្ថែមថា ការបង់រំលស់ជាមួយម្ចាស់គម្រោង ក៏មានចំណុចល្អមួយចំនួនដែរ ដូចជាគម្រោងលំនៅឋានខ្លះ អាចឲ្យយើងរំលស់សុទ្ធ១០០% មិនចាំបាច់មានទ្រព្យបញ្ចាំឡើយ។ ប៉ុន្ដែទន្ទឹមនឹងចំណុចល្អនេះ យើងជាអ្នករំលស់គឺត្រូវច្បាស់លាស់ខ្លួនឯងលើផ្នែកហិរញ្ញវត្ថុ ព្រោះថានៅតាមគម្រោងលំនៅឋានគេពុំបានសិក្សាលើប្រាក់ចំណូលរបស់យើង ដូចនឹងធនាគារឡើយ ដោយគិតធ្វើបែបម៉េចឲ្យតែអាចលក់ដាច់ផ្ទះរបស់ខ្លួនដាច់ប៉ុណ្ណោះ ដូច្នោះវាជាហានិភ័យធំ ប្រសិនបើថ្ងៃមុខយើងដែលជាអ្នករំលស់រកចំណូលធ្លាក់ចុះ ឬរកលែងបាន៕


