ការទិញអចលទ្រព្យសុទ្ធតែមានក្បួនច្បាប់ត្រឹមត្រូវជាពិសេសការទិញផ្ទះបើលោកអ្នកចង់បានចំណេញនៅពេលក្រោយ។ ដូច្នេះមុននឹងសម្រេចទិញផ្ទះ លោកអ្នកគួរស្វែងយល់ពីក្បួនច្បាប់ក្នុងការទិញជាមុនសិនចៀសវាងទិញហើយមិនមានបញ្ហា។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងបង្ហាញពីក្បួនទិញផ្ទះចំនួន ៣ ដែលអ្នកមានចូលចិត្តប្រើបំផុត៖
១. ក្បួន ៣០ / ៣០ / ៣
នេះគឺជាក្បូនល្អបំផុតមួយដែលអ្នកមានពេញនិយមប្រើ។ ប្រសិនបើលោកអ្នកទិញតាមក្បួននេះគឺមិនភ័យខ្លាចជួបបញ្ហាហិរញ្ញាវត្ថុនោះឡើយ។ ហើយអត្ថន័យរបស់ក្បួន ៣០ ទីមួយមានន័យថា កុំចាយលើសពី ៣០ ភាគរយនៃចំណូលលើការបង់រំលោះ ហើយ ៣០ ទីពីរគឺមានលុយយ៉ាងតិច ៣០ ភាគរយនៃតម្លៃផ្ទះដែលត្រូវទិញ ទី ៣ ចុងក្រោយគឺ តម្លៃផ្ទះកុំឱ្យលើសពី ៣ ដងនៃចំណូលប្រចាំឆ្នាំ។ ប្រើប្រាស់ក្បួនទាំង៣ នេះជួយលោកអ្នកធ្វើយ៉ាងណាទិញផ្ទះមិនលើសពីសម្ថភាពខ្លួនឯង និងមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុឡើយ។
២. ក្បួន ១០០ / ១០/ ៣/ ១
នេះជាទិចនិច ទិញអចលនទ្រព្យក្រោមតម្លៃទីផ្សារ។ ក្បួននេះមានន័យថា យើងត្រូវដើរមើលទីតាំងឲ្យបាន ១០០ កន្លែង បន្ទាប់មកសម្រិតសម្រាំងយកតែ ១០ ហើយបន្ទាប់មកតថ្លៃឱ្យបាន ៣ កន្លែង រួចហើយទិញយកតែ ១ ប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទិញប្រើក្បួននេះគឺមិនងាយខុសនោះឡើយ ព្រោះយើងបានធ្វើការសិក្សាបានច្បាស់អំពីតម្លៃ ក៏ដូចជាទីតាំងផ្ទះដែលយើងគួរទិញ។
៣. ក្បួនទិញផ្ទះចិញ្ចឹមផ្ទះ
នៅត្រង់ចំណុចនេះដែរ អ្នកត្រូវត្រៀមខ្លួនជាស្រេចមិនអាចទិញផ្ទះហើយធ្វើឱ្យផ្ទះនោះទៅជាបន្ទុករបស់លោកអ្នកនោះទេ។ ដូច្ចេះលោកអ្នកត្រូវចាត់ទុកផ្ទះគឺជាទ្រព្យ មានន័យថាលោកអ្នកគួរទិញផ្ទះណាដែលអាចរកចំណូលឱ្យលោកអ្នកបានហើយដើម្បីអាចរកចំណូលបានគឺយកផ្ទះទៅដាក់ជួល។ ប៉ុន្តែមុននឹងសម្រេចចិត្តទិញលោកអ្នកត្រូវដឹងថា តើផ្ទះដែលលោកអ្នកបម្រុងទិញនោះជួលបានដែរឬទេ? ប្រសិនបើជួលបានតើត្រូវជួលក្នុងតម្លៃប៉ុន្មានដែរ? ចំណុចនេះលោកអ្នកត្រូវសិក្សាឱ្យច្បាស់មុនសម្រេចចិត្ត៕