នាពេលបច្ចុប្បន្ននេះ ចំណេះដឹងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មគឺមានច្រើនរាប់មិនអស់តាមរយៈអនឡាញ តាមរយៈការអានសៀវភៅ និងការចែករំលែកនៅក្នុងសិក្ខាសាលាជាដើម។ ជាពិសេសតាមរយៈការចែករំលែករបស់សហគ្រិនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូបនៅក្នុងប្រព័ន្ធអនឡាញ។
យ៉ាងណាមិញ ស្ថាបនិកលំហែរ៣៦ លោកវិទូ ក៏បានលើកឡើងថា ការចែករំលែកទាក់ទងនឹងអាជីវកម្មគឺ សុទ្ធតែជាចំណេះដឹងល្អៗព្រោះវាចេញពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ដូច្នេះប្រសិនបើករណីថាអ្នកចូលចិត្តស្ដាប់ការចែករំលែករបស់បុគ្គលណា ឬមានឱកាសជួបជាមួយសហគ្រិនរូបណា អ្នកអាចស្ដាប់ការណែនាំរបស់ពួកគាត់បាន ចូរកុំស្ដាប់ហើយអនុវត្តន៍ទាំងស្រុង ប៉ុន្តែអ្នកអាចគិតពិចារណាបន្ថែមលើចំណុចមួយចំនួនសម្រាប់ខ្លួនឯងផងដែរ។
១. តើអ្វីជា “គំនិតអាជីវកម្មរបស់អ្នក”?
នៅក្នុងចំណុចនេះ អ្នកត្រូវដឹងខ្លួនឯងថា តើអ្វីជាគំនិតអាជីវកម្មដែលអ្នកមាន? ហើយអ្នកចង់ចាប់ផ្ដើមធ្វើវា? អ្នកប្រាកដក្នុងចិត្តច្បាស់ក្នុងការចាប់ផ្ដើម។ ត្រូវចងចាំថា គំនិតអាជីវកម្មមានច្រើន ហើយអ្នកក៏អាចមានច្រើនដូចគ្នា ដូច្នេះអ្នកត្រូវដឹងថា តើគំនិតមួយណាដែលអ្នកពេញចិត្តខ្លាំង ព្រមទាំងជាអ្វីដែលអ្នកមានជំនាញស្រាប់ មានអ្នកជួយស្រាប់ និងជាប្រភេទអាជីវកម្មដែលមានគូប្រកួតប្រជែងក្នុងកម្រិតទាបដោយមានឱកាសពង្រីកកាន់តែធំជាដើម។
២. តើគួរសរសេរផែនការអាជីវកម្មបែបណា?
ការចាប់ផ្ដើមធ្វើអាជីវកម្មមួយឱ្យដំណើរការបាន គឺវាទាមទារឱ្យមានកត្តាច្រើនក្នុងការចូលរួមចំណែក ជាពិសេសការសរសេរផែនការអាជីវកម្ម ពីព្រោះផ្នែកនេះនឹងធ្វើឱ្យអ្នកយល់ច្បាស់អំពីអាជីវកម្មរបស់អ្នក និងដឹងថានឹងត្រូវឆ្ពោះទៅណាឱ្យពិតប្រាកដ ព្រមទាំងជួយបង្ហាញផ្លូវអ្នកក្នុងការធ្វើសកម្មភាពនានា។ ហេតុនេះអ្នកត្រូវតែដឹងថា មុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវមានគំនិតអាជីវកម្មមួយជាក់លាក់ បន្ទាប់មកអ្នកនឹងត្រូវដឹងពីរបៀបសរសេរផែនការអាជីវកម្មរបស់អ្នក។
៣. តើអ្នកយល់ច្បាស់ពីឧស្សាហកម្មដែលអ្នកចង់ធ្វើឬនៅ?
នៅក្នុងចំណុចនេះ ចង់ឱ្យអ្នកគិតឱ្យបានច្បាស់ថា បើអ្នកចង់ចាប់ផ្ដើមចង់ធ្វើអាជីវកម្មអ្វីមួយ តើអ្នកយល់ដឹងអំពីវាកម្រិតណា ឬគ្រាន់តែលឺគេនិយាយថាល្អ ហើយអាចជោគជ័យកម្រិតខ្ពស់ អ្នកក៏តាមគេឬយ៉ាងណា? កត្តានេះហើយ អ្នកត្រូវតែសិក្សាលើឧស្សាហកម្មដែលអ្នកចង់ចាប់ផ្ដើមធ្វើអាជីវកម្មនោះឱ្យបានច្បាស់ ទាំងទំហំទីផ្សារ និងភាពអាចទៅរួចដែលអ្នកអាចធ្វើបាន។
៤. តើអ្នកចាប់ផ្ដើមម្នាក់ឯង ឬត្រូវមានអ្នកជួយ?
ចំពោះចំណុចនេះ ប្រសិនបើអ្នកមានគំនិតនេះតែម្នាក់ឯង អ្នកត្រូវតែរៀបចំធ្វើយ៉ាងណាដើម្បីធ្វើឱ្យខ្លួនឯងប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អ្នកនឹងធ្វើអ្វី ដើម្បីអ្វី និងឆ្ពោះទៅណា ដើម្បីយកគំនិតជាក់លាក់នេះបង្កើតជាក្រុមតាមក្រោយ ហើយអ្នកជាអ្នកដឹកនាំ។ ប៉ុន្តែប្រសិនបើអ្នកផ្សេងមានគំនិតដូច ហើយពួកគាត់មានជំនាញដែលអាចបំពេញឱ្យអ្នក ព្រមទាំងជាបុគ្គលដែលអាចរួមដំណើរជាមួយគ្នាបាន នោះអ្នកអាចចាប់ផ្ដើមជាមួយគ្នា ប៉ុន្តែសូមជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ ដើម្បីរួមដំណើរជាមួយគ្នា ចៀសវាងមានបញ្ហានៅពេលក្រោយ។
៥. តើអ្នកនឹងចាប់ផ្ដើមដោយរបៀបណា?
អាជីវកម្មមួយជោគជ័យបាន គឺសុទ្ធតែមានរបៀបរបស់វា គ្រាន់តែពេលខ្លះយើងមិនទាន់ដឹងអំពីរបៀបរបស់វា ដោយទាមទារឱ្យយើងសិក្សាស៊ីជម្រៅជាមួយនឹងវា។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវរៀបចំផែនការ និងកំណត់សកម្មភាពដែលអ្នកត្រូវធ្វើ ព្រមទាំងស្វែងរកសហគ្រិនផ្សេងទៀតដែលមាននៅក្នុងឧស្សាហកម្មដូចអ្នក ដើម្បីជួយជាគំនិត និងមានការត្រៀមជាច្រើនទៀតអាស្រ័យលើទំហំ និងប្រភេទអាជីវកម្មរបស់អ្នក។
៦. តើអាជីវកម្មរបស់អ្នកអាចពង្រីកបានទេ?
ការធ្វើអាជីវកម្មមានច្រើន មានទាំងអាជីវកម្មបែបគ្រួសារ អាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងបែបខ្នាតធំ ដោយអាជីវកម្មនីមួយៗមានកម្រិតនៃការរីកចម្រើនរបស់វា ដោយអាជីវកម្មខ្លះរក្សានូវទំហំអាជីវកម្មនៅថេរ និងអាជីវកម្មផ្សេងទៀតអាចពង្រីកកាន់តែធំបាន រហូតអាចឈានដល់កម្រិតថ្នាក់អន្តរជាតិក៏មានដែរ។ ដូច្នេះចំពោះគំនិតអាជីវកម្ម ដែលអ្នកកំពុងធ្វើវិញ តើវាអាចមានលទ្ធភាពរីកចម្រើន ឬពង្រីកបានកម្រិតណា? ហេតុនេះ អ្នកក៏ត្រូវគិតពិចារណាដែរ។
៧. តើអ្នកគិតច្បាស់ឬនៅ?
អ្នកអាចពិនិត្យពីចំណុចទី1 ដល់ចំណុចទី6 និងត្រូវសួរបញ្ជាក់ជាមួយខ្លួនឯង ដើម្បីធ្វើឱ្យប្រាកដថា អ្នកពិតជាសម្រេចចិត្តច្បាស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើមអាជីវកម្មលើគំនិតអាជីវកម្មណាមួយដែលអ្នកបានជ្រើសរើស៕