ជិតដាច់ឆ្នាំហើយ រកស៊ីអ្វីល្អ! នេះជាមុខរបរមានសក្តានុពលទាំង៥ ដែលអ្នកមានដើមទុនគួរពិចារណាពេលចេញរកស៊ី
ធី ស្រីល័ក្ខDECEMBER 26 20222 K views

ការជ្រើសរើសមុខរបរយកមករកស៊ីពិតជាសំខាន់ខ្លាំងណាស់ កាលណាដែលយើងជ្រើសរើសមុខរបរត្រូវនោះយើងនឹងអាចរកចំណូលបានច្រើនហើយរបរក៏អាចតទៅដល់កូនយើងផងដែរ ដូច្នេះក្នុងឆ្នាំ២០២៣ ខាងមុខនេះប្រសិនជាយើងមានដើមទុនគ្រប់គ្រាន់ហើយចង់បង្កើតមុខរបរដូចគេនោះ យើងត្រូវតែពិចារណាឱ្យច្បាស់មុនចង់ចេញរកស៊ី។ ខាងក្រោមនេះជាមុខរបរមានសក្តានុពលទាំង៥ ដែលពិចារណារកស៊ីក្នុងឆ្នាំ២០២៣ ខាងមុខនេះ៖

១. ចិញ្ចឹមទំពាំងបាយជូរសមុទ្រ៖ លោក សំ កុសល បាននិយាយថា មុខរបរចិញ្ចឹមទំពាំងបាយជូសមុទ្រនេះ នៅប្រទេសកម្ពុជាផ្ទាល់អាចនិយាយបានថាពុំមានអ្នកធ្វើនៅឡើយទេ​ ហើយមុខរបរនេះប្រជាជនថៃក៏កំពុងតែធ្វើដែរ ។ ដោយនៅក្នុងនោះមានអំស្រីម្នាក់ជាជនជាតិថៃ គាត់បានចិញ្ចឹមទំពាំងបាយជូរសមុទ្រនៅក្នុងស្រះ ពីដំបូងឡើយគាត់ចិញ្ចឹមតែបន្តិចៗទេ យូរទៅកាន់តែកើនឡើងច្រើនទៅៗ រហូតធ្វើឱ្យគាត់អាចលក់បានក្នុងមួយថ្ងៃដល់ ១០០គីឡូឯណោះ។

នេះគឺជាដំណាំមួយដែលល្អបំផុតនៅថៃ ហើយវាក៏ជាមុខរបរដែលថ្មីថ្មោងមួយដែរ ដែលអំស្រីម្នាក់នេះគាត់ទើបតែចិញ្ចឹមបានរយៈពេលជាង ៥ឆ្នាំប៉ុណ្ណោះ តែងាកមកមើលស្រុកខ្មែរវិញក៏ឃើញផ្សារទំនើបខ្លះមានលក់ទំពាំងបាយជូសមុទ្រដែរ ហើយសម្រាប់ប្រជាជនខ្មែរក៏អាចរៀនពីការចិញ្ចឹមនេះទំពាំងបាយជូសមុទ្របានដែរ។

២. កណ្តុរខ្វៃ៖ ជាធម្មតាយើងធ្លាប់តែឃើញគេលក់ទាខ្វៃ ជ្រូកខ្វៃអីជាដើម តែចម្លែកអីសហគ្រិននៅប្រទេសថៃវិញគេបែរជាលក់កណ្តុរខ្វៃទៅវិញ ហើយនេះជាមុខរបរថ្មីមួយដែលយើងជាអ្នករកស៊ីក៏ធ្វើបានដែរ ពីព្រោះសហគ្រិនថៃនៅពេលដែលគេចាប់លក់កណ្តុរខ្វៃគឺលក់ដាច់ខ្លាំងណាស់ រហូតពេលខ្លះផ្គត់ផ្គង់សឹងមិនទាន់ឡើយ។

៣. ផលិតចានកំប្លោក៖ បច្ចុប្បន្ន ក៏មានប្រជាជនខ្មែរមួយចំនួនបានច្នៃកំប្លោកធ្វើជាកាបូបឬច្នៃជារបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀតដែរ តែសម្រាប់ប្រជាជនថៃវិញគេយកស្លឹកកំប្លោកច្នៃចេញជាចានសម្រាប់ប្រើប្រាស់ ចំណែកគល់វាគេធ្វើជាជីព្រោះដើមបំប្លោកគេចាត់ទុកថាជារបស់មានប្រយោជន៍ច្រើនណាស់។ ចំណែកការផលិតចានកំប្លោកនេះ គឺប្រជាជនថៃគេរួមគ្នាធ្វើជាសហគមន៍សម្រាប់ប្រជាជនខ្មែរដែលចង់ទៅរៀនគេក៏ទទួលបង្រៀនដែរ ដោយមានទីតាំងនៅអយុធ្យា។

៤. រោងចក្រផលិតស្បែកជើងនិច្ចា៖ ចំពោះមុខរបរដែលថៃកំពុងតែរកស៊ីកាក់កបគឺមុខរបរ ផលិតស្បែកជើងនិច្ចា ហើយរបរមួយនេះពិតជាឡូយខ្លាំងមែនទែន ដោយពួកគាត់បានផលិតស្បែកជើងនេះសម្រាប់ពាក់ទៅចម្ការ ក៏ដូចជាផលិតពាក់ប្រចាំថ្ងៃ ដោយស្បែកជើងនេះទៀតសោតគាត់ផលិតចេញពីក្រណាត់ ហើយបាតស្បែកជើងវិញគឺផលិតចេញពីកៅស៊ូ។ ហើយបើក្រឡេកមកមើលប្រទេសកម្ពុជាវិញក៏មានកសិករយើងជាច្រើនបានដាំដំណាំកៅស៊ូផងដែរ ហើយសម្រាប់អ្នកមានដើមទុននិងចង់មានមុខរបរសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ អាចពិចារណាបាន ហើយបើមិនទាន់មានជំនាញក្នុងការធ្វើបាតស្បែកជើងចេញពីជ័រកៅស៊ូទេយើងអាចស្វែងរកកន្លែងបណ្តុះបណ្តាលណាមួយដែលគេបានបង្រៀនពីចំណុចនេះបានផងដែរ។

សម្រាប់កន្លែងផលិតស្បែកជើងនិច្ចានៅប្រទេសថៃនេះវិញ ជំហ៊ានដំបូងដែលពួកគាត់បានចាប់ផ្តើមគឺតូចទេ ដោយផ្តើមផលិតដំបូងត្រឹមតែ ៤នាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះគាត់អាចពង្រីកបានធំរហូតក្នុង១ខែគាត់អាចផលិតបាន១ម៉ឺន៤ពាន់គូសម្រាប់លក់ទៅលើទីផ្សារ។

៥. រោងចក្រផលិតខ្ទិះដូង៖ ចំពោះមុខរបរផលិតខ្ទិះដូងគឺមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសថៃ ព្រោះជាទូទៅនៅពេលដែលយើងបានធ្វើដំណើរកំសាន្តទៅលេងប្រទេសថៃហើយយើងបានភ្លក់នៅមុខម្ហូបគេនោះ យើងសង្កេតឃើញថាម្ហូបនីមួយៗរបស់គេគឺប្រើខ្ទិះដូងច្រើន ដូច្នេះហើយទើបប្រជាជនថៃមួយចំនួននាំគ្នាសម្រុកដាំដូង រហូតធ្វើឱ្យរោងចក្រមួយកន្លែងក្នុងប្រទេសថៃ គាត់បានទិញដូងយកមកកែច្នៃធ្វើជាខ្ទិះរហូតក្នុង១ឆ្នាំអាចផលិតបាន ១៥ម៉ឺនតោនឯណោះ។​

លើសពីនេះទៅទៀត ក្រៅពីពួកគាត់បានយកដូងធ្វើជាខ្ទិះសម្រាប់លក់ពួកគាត់បាន យកខ្ទិះដូងជាមួយទឹកដូងធ្វើជាភេសជ្ជៈសម្រាប់ផឹកទៀតផង ដែលការកែច្នៃនេះមើលទៅពិតជាល្អខ្លាំងមែនទែនព្រោះត្រឹមតែផ្លែដូងធម្មតាមួយកសិករថៃអាចច្នៃចេញជាផលិតផលបានជាច្រើនមុខ។ ហើយបើក្រឡេកមកមើលប្រទេសយើងវិញក៏មានកសិករដាំដូងច្រើនដូចគ្នា ដែលវាឱកាសល្អសម្រាប់អ្នកដែលមានដើមទុនច្រើនហើយគាត់ចង់កែច្នៃផលិតផលខ្មែរគួរតែចាប់ឱកាសនេះ ព្រោះផ្លែដូងពិតជាមានគុណតម្លៃនិងអត្ថប្រយោជន៍ច្រើនណាស់៕

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia