ប្រាក់ខែ ២៥០ សម្រាប់អ្នកមួយចំនួនអាចនឹងតិចចាយប្រចាំខែមិនគ្រប់តែបើអ្នកដឹងពីរបៀបប្រើប្រាស់វា ប្រាក់ខែប៉ុននេះគឺសមល្មមអាចឱ្យអ្នកចាប់ផ្ដើមអាជីវកម្មបង្កើនចំណូលបន្ថែម បើសិនជាអ្នកប្ដូររបៀបគិតពីការ “ចំណាយ” ទៅជា “ការវិនិយោគ”។ ហើយនេះគឺជាគន្លឹះ ៣ អ្នកអាចបង្កើតអាជីវកម្មរកចំណូលបន្ថែមបានទោះបីជាមានដើមទុនតិចក៏ដោយ៖
១. ចាប់ផ្ដើមអាជីវកម្មអនឡាញខ្នាតតូច៖ ប្រាក់ខែត្រឹម ២៥០ ដុល្លារអ្នកមិនចាំបាច់យកវាទាំងអស់ទៅវិនិយោគទេ តែត្រូវបែកចែកវាជាផ្នែកៗ។ មួយផ្នែកសម្រាប់ការចំណាយថេរដូចជាបង់ផ្ទះ ទឹកភ្លើង និងអាហារហូបចុក។ ហើយមួយផ្នែកទៀតធ្វើជាដើមទុនចាប់ផ្ដើមអាជីវកម្មលក់ទំនិញតាមអនឡាញ ព្រោះអាជីវកម្មមួយនេះ មិនត្រូវការដើមទុនច្រើននោះទេ ហើយអ្នកក៏មិនចាំបាច់យកទំនិញមកស្ដុកទុកចោលនោះដែរ។
អ្នកលក់អនឡាញដែលជោគជ័យជាច្រើនធ្លាប់ចាប់ផ្ដើមអាជីវកម្មពួកគេដោយមានដើមទុនត្រឹមតែ ៥០ ទៅ ១០០ដុល្លារប៉ុណ្ណោះក្នុងការសាកល្បងលក់អនឡាញ ដោយមិនមានស្តុក មិនមានហាង ហើយមិនមានហានិភ័យខ្ពស់។ ពេលដំបូងៗវានឹងមិនសូវបានចំណូលច្រើន តែនៅពេលអ្នកកសាងកេរ្តិ៍ឈ្មោះធ្វើឱ្យអតិថិជនស្គាល់ច្រើនហើយ លុយតិចនឹងប្រែទៅជាចំណូលរាប់រយដុល្លារ ឬអាចខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែឱ្យតែអ្នកបន្តខំអភិវឌ្ឍទៅមុខជានិច្ច។
២. វិនិយោគលើជំនាញថ្មី៖ ក្រៅពីការលក់ដូរប្រាក់ខែ ២៥០ដុល្លារក៏អាចដកមួយផ្នែកយកទៅរៀនជំនាញថ្មីៗដូចជាជំនាញកាត់តវីដេអូ សរសេរ Content ឬធ្វើទីផ្សារអនឡាញ ជាដើម។ នេះសុទ្ធតែជាជំនាញដែលមានទីផ្សារការងារខ្លាំង ដ្បិតថាពេលដំបូងៗអ្នកត្រូវការពេលបន្តិចដើម្បីរៀន តែនៅពេលដែលអ្នកចេះ មានជំនាញច្បាស់លាស់អនាគតអ្នកអាចរកចំណូលបានពី ៥០០ ទៅ ២០០០ ដុល្លារ។
៣. ចាប់ផ្ដើមផលិតវីដេអូតាមអនឡាញ៖ នេះគឺជាវិធីដ៏សាមញ្ញមួយដែលអ្នកអាចរកចំណូលបានដោយមិនបាច់មានដើមទុនច្រើន មានត្រឹមតែទូរស័ព្ទមួយ ជំនាញកាត់វីដេអូបន្តិចបន្តួច និងថ្វីមាត់ក្នុងការនិយាយ អ្នកអាចធ្វើជាវីដេអូចែករំលែកបទពិសោធន៍ ចំណេះដឹង ឬរឿងរ៉ាវពីផ្ទាល់ជីវិត ឱ្យតែអាចជួយអ្នកដទៃបាន។ តែការចាប់ផ្ដើមធ្វើវីដេអូតាមអនឡាញបែបនេះគឺវាត្រូវការពេលបន្តិចគួបផ្សំដែលអ្នកត្រូវមានគំនិតថ្មីបង្កើត Content ផងទើបអ្នកអាចជោគជ័យ។ នៅពេលអ្នកក្លាយជាអ្នកផលិតមិតិការដែលមានគេស្គាល់ច្រើនហើយនោះ អនាគតចំណូលអ្នកនឹងហូរចូលមិនក្រោមខ្ទង់ពាន់ដុល្លារទេក្នុងមួយខែ ចំណូលនេះអាចបានមកពី ការផ្សព្វផ្សាយ ឬការសហការជាមួយម៉ាកល្បីៗជាដើម។
សរុបមកវិញ ប្រាក់ខែតិចមិនមែនជាឧបសគ្គរាងអ្នកមិនឱ្យចាប់ផ្ដើមអាជីវកម្មខ្លួនឯងទេ សំខាន់គឺការតាំងចិត្ត បើអ្នកមានការតាំងចិត្តអ្នកនឹងអាចធ្វើវាបាន។ ប្រាក់ខែ ២៥០ ដុល្លារ អាចមិនធ្វើឱ្យអ្នកក្លាយជាអ្នកមានភ្លាមៗ ប៉ុន្តែវាអាចជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្តូរជីវិតអ្នក៕


