គិតសិន ចាំគូរ! រកស៊ីខាតដល់បិទតូប បើចង់ចាប់ផ្តើមអាជីវកម្មថ្មីដោយរលូន ទាំងនេះជាជំហានសកម្មភាពដែលគួរធ្វើ
Chan SophonAUGUST 29 202650 views

ការជួបប្រទះភាពបរាជ័យ ឬខាតបង់ក្នុងការរកស៊ី គឺជាបទពិសោធន៍ដ៏ឈឺចាប់ ប៉ុន្តែវាជា មេរៀន និងជាចំណុចរបត់ ដ៏សំខាន់របស់សហគ្រិនគ្រប់រូប។ ការសម្រេចចិត្តបិទតូបភ្លាមៗនៅពេលដឹងថាទៅមុខលែងរួច គឺជា ការសម្រេចចិត្តដ៏ក្លាហាន និងវៃឆ្លាត ដើម្បីទប់ស្កាត់មិនឲ្យខាតបង់ថវិកាកាន់តែច្រើនជាងនេះ។ ដើម្បីរៀបចំខ្លួនឡើងវិញ និងចាប់ផ្តើមអាជីវកម្មថ្មីដោយរលូន ខាងក្រោមនេះជា ជំហានសកម្មភាពដែលអ្នកគួរធ្វើ៖

 

១.គ្រប់គ្រងស្ថានការណ៍ចាស់ និងហិរញ្ញវត្ថុ (កាត់ផ្តាច់ការខាតបង់)៖ ទូទាត់បំណុល និងស្តុកទំនិញ ដោយការប្រមូលទំនិញក្នុងស្តុកមកបញ្ចុះតម្លៃ ដើម្បីបង្វិលជាសាច់ប្រាក់រហ័សមកវិញ។ ប្រសិនបើមានឧបករណ៍ ឬសម្ភារប្រើប្រាស់ អាចឡៃឡុងលក់បន្តបាន គួរតែលក់ ដើម្បីទាញយកដើមទុនមកវិញខ្លះ។ មួយទៀត សម្រាប់ទូទាត់ការជួល និងកិច្ចសន្យា ត្រូវជួបនិយាយជាមួយម្ចាស់ទីតាំង ដើម្បីសុំបញ្ចប់កិច្ចសន្យា ឬសុំប្រាក់កក់មកវិញដោយសន្តិវិធី។ ហើយកុំប្រញាប់ខ្ចីបុលលុយគេមកបន្ថែមដើម្បី ស្រោចស្រង់ ឬទប់អាជីវកម្មដែលកំពុងខាតបង់ធ្ងន់ធ្ងរនោះឡើយ។

 

២.វិភាគមូលហេតុនៃការខាតបង់៖ កុំប្រញាប់បើកអាជីវកម្មថ្មីភ្លាមៗ ដោយមិនទាន់បានដឹងពីមូលហេតុពិតប្រាកដនៃបរាជ័យចាស់។ ត្រូវសិក្សាថា តើខាតដោយសារអ្វី? មកពីទីតាំងមិនល្អ? គ្មានអតិថិជន? គ្រប់គ្រងដើមទុនមិនបានល្អ? តម្លៃទំនិញថ្លៃពេក? ឬទំនិញគ្មានតម្រូវការទីផ្សារ? អាជីវកម្មមុនខាតបង់លុយ ប៉ុន្តែវាបានផ្តល់ បទពិសោធន៍ ដែលអ្នកដទៃមិនអាចទិញបានឡើយ។ យកមេរៀនទាំងនោះមកធ្វើជាកញ្ចក់ឆ្លុះសម្រាប់មុខរបរថ្មី។

 

៣.សម្រួលអារម្មណ៍ និងប្រមូលថាមពល៖ ទុកពេលឲ្យខ្លួនឯងបន្តិច ដោយសម្រាក ១-២ សប្តាហ៍ ដើម្បីកាត់បន្ថយភាពតានតឹង។ ធ្វើការងារបណ្តោះអាសន្ន ឬ Freelance ប្រសិនបើដើមទុនអស់ គួរប្រមូលចំណូលពីការធ្វើការងារ ឬទទួលការងារឯករាជ្យខ្លីៗ ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ និងសន្សំដើមទុនឡើងវិញ មុននឹងលោតចូលការរកស៊ីពេញទំហឹងម្តងទៀត។

 

សរុបមក ត្រូវចងចាំថា សហគ្រិនជោគជ័យភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់ការខាតបង់ ឬបិទតូបយ៉ាងហោចណាស់ ១ ទៅ ២ លើក។ ការដួលរលំលើកនេះ គ្រាន់តែជាការតម្រង់ទិសដើម្បីឲ្យអ្នកដើរបានរឹងមាំជាងមុននៅពេលខាងមុខប៉ុណ្ណោះ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia