ទីបំផុតរថយន្តក្រុងប្រមាណជា ១ពាន់គ្រឿងដែលជាអំណោយរបស់មហាសេដ្ឋីកូរ៉េខាងត្បូងលោក Lee Joong-keun ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ Booyoung Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅស្រុកខ្មែរ បានឈានដល់ប្រគល់ឱ្យកម្ពុជាហើយកាលពីថ្ងៃទី ២៩ ខែ មីថុនា ឆ្នាំ ២០២៣ ម្សិលមិញនេះ ដោយមានការចូលរួមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនិង លោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ។
សម្រាប់រថយន្តក្រុង ១ពាន់គ្រឿងដែលភាគីផ្តល់ជាអំណោយសម្រាប់កម្ពុជានេះ ត្រូវបានបញ្ជាទិញពីរផងចក្រផលិតរថយន្តផ្ទាល់ នូវរថយន្តក្រុងប្រភេទថ្មី ដែលមានលេខម៉ូដែល JMMC Co-star bus 6M (Model JX6602VD) ដោយផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ជា៣ដំណាក់កាលគឺ៖ ដំណាក់កាលឆ្នាំ ២០២៣ ផ្តល់នូវរថយន្តចំនួន ៤០០គ្រឿង ក្នុងឆ្នាំ២០២៤ ប្រគល់បន្ថែម ៣០០គ្រឿង និងដំណាក់កាលចុងឆ្នាំ ២០២៥ ប្រគល់ឱ្យ ៣០០គ្រឿងទៀត។
គូសបញ្ជាក់ផងដែរ គួរបញ្ជាក់ថា ក្រុមហ៊ុន Booyoung Group គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយរបស់កូរ៉េខាងត្បូង។ បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងបណ្តាក់ទុនរកស៊ីជាច្រើន នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសុខាភិបាល អចលនទ្រព្យ និងបច្ចេកវិទ្យា ជាដើម។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនក៏ធ្លាប់បានផ្តល់រថយន្តក្រុងចំនួន២០០ គ្រឿង មកដល់ប្រទេសកម្ពុជា ផងដែរ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង