កោះនរា ដែលជាទីក្រុងរណបថ្មីអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ICIC របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងក្លាយជាទីតាំងនៃការសាងសង់អគារខ្ពស់ជាងគេ និងសួនច្បារមានប្រវែងវែងជាងគេនៅក្នុងប្រទេសកម្ពុជា។ ដោយអគារ និងសួន ទាំងពីរនេះមានប្រវែង និងកម្ពស់ដូចខាងក្រោម៖
១. សួនច្បារប្រវែង ៤ ២០០ ម៉ែត្រ
នៅក្នុងការអភិវឌ្ឍ៍ទីក្រុងរណបកោះរនានេះ ក្រុមហ៊ុន OCIC ក៏មានធ្វើការសាងសង់សួនច្បារលំហែងប្រវែង ៤ ២០០ ម៉ែត្រស្របតាមដងទន្លេមេគង្គក្រោម ដ៏ស្រស់ស្អាត និងវែងជាងគេនាពេលបច្ចុប្បន្នដើម្បីឲ្យប្រជាពលរដ្ឋមកលេងកម្សាន្ដ និងហាត់ប្រាណជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកឧកញ៉ា ពុង ឃាវសែ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ កាលពីពេលថ្មីៗនេះ។
២. អគារកម្ពស់ ៥៥៥ ម៉ែត្រ
ក្រៅពីមានសួនច្បារដ៏វែងអន្លាយ អមទៅដោយធម្មជាតិយ៉ាងស្រស់ស្អាត នៅពេលខាងមុខនេះ ទីតាំងកោះនរា ក៏នឹងលេចរូបរាងអគារខ្ពស់ជាងគេនៅស្រុក និងនៅក្នុងតំបន់ផងដែរ ដែលមានកម្ពស់រហូតដល់ទៅ ៥៥៥ ម៉ែត្រឯណោះ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធស្ពានខាងលើ។
ថ្លែងនៅក្នុងកម្មវិធីនោះ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «តាមខ្ញុំដឹងនៅទីនេះ(កោះនរា) គ្រោងធ្វើអគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ ដូចជាអគារ ៥៥៥ ម៉ែត្រ ដែលគ្រោងធ្វើនៅហ្នឹង ។ សង្ឃឹមថានឹងបានចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា គឺខ្ពស់នៅក្នុងតំបន់ថែមទៀត»។