ក្រុមហ៊ុន BROWN Coffee បានប្រកាសបើកសម្ពោធជាផ្លូវការនូវ BROWN Roastery Park “The Biggest BROWN Ever” ដែលជា Concept ថ្មីរបស់ប្រោនប្រចាំស្រុកខ្មែរយើង។ នេះជាទីតាំងដែលធំបំផុត មានម្ហូបអាហារ និងភេសជ្ជៈច្រើនបំផុត ប្លែកពីគ្រប់ហាងកាហ្វេទាំងអស់នៅស្រុកខ្មែរ និងជារោងចក្រលីងកាហ្វេខ្នាតទំនើបដំបូងគេបង្អស់នៅកម្ពុជា ដែលអនុញ្ញាតឱ្យសាធារណជន និងអតិថិជនអាចទស្សនាខ្សែច្រវាក់ផលិតកម្ម និងការលីងកាហ្វេដោយផ្ទាល់។
ដំណើរការរយៈពេល ១៧ ឆ្នាំកន្លងមកនេះ បានឆ្លុះបញ្ចាំងពីការវិវត្តដ៏ធំធេង ចាប់តាំងពីការកកើតឡើងដំបូងដោយក្រុមយុវជនស្ថាបនិកមួយក្រុម ដែលមិនទាន់មានបទពិសោធន៍ ឬយុទ្ធសាស្ត្រធំដុំ ប៉ុន្តែពោរពេញដោយការប្តេជ្ញាចិត្ត និងក្តីស្រឡាញ់ចំពោះវប្បធម៌កាហ្វេ។ ការបើកដំណើរការ BROWN Roastery Park មិនត្រឹមតែជាការបើកសាខាថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបោះជំហានយ៉ាងសំខាន់មួយទៀតក្នុងការពង្រឹងគុណភាព និងនាំយកមុខភេសជ្ជៈច្រើនមុខ គ្រាប់កាហ្វេប្លែកៗ នំដុតច្រើនមុខ Gelato និងម្ហូបគ្រប់បែបមាននៅទីនេះទាំងអស់ ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចឱ្យកាន់តែរឹងមាំ និងមានស្តង់ដារខ្ពស់។

ស្ថាបនិក BROWN Coffee លោក លីវ ឈួង បានមានប្រសាសន៍ក្នុងពិធីសម្ពោធថា៖ «កាលពី ១៧ ឆ្នាំមុន យើងចាប់ផ្តើមពីការជឿជាក់ថាកាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈមួយកែវនោះទេ វាអាចបង្កើតការងារ គាំទ្រដល់កសិករក្នុងស្រុក លើកស្ទួយផលិតផលក្នុងស្រុក និងជាសិល្បៈមួយដែលធ្វើឱ្យរាល់ពេលដែលយើងទទួលទានក្លាយជាពេលវេលាដ៏មានន័យ។ លើសពីហាងកាហ្វេធម្មតា BROWN Roastery Park នេះ ត្រូវបានចាត់ទុកដូចជាកន្លែងស្រាវជ្រាវមួយ (Innovation Lab) សម្រាប់ក្រុមការងារយើងទាំង Roaster, Barista, Baker និង Chef ក្នុងការបង្កើតអ្វីដែលថ្មី និងល្អជាងមុន មិនត្រឹមតែសម្រាប់ទីតាំងនេះប៉ុណ្ណោះទេ ប៉ុន្តែដើម្បីយកទៅអនុវត្ត និងពង្រឹងគុណភាពនៅគ្រប់បណ្តាសាខារបស់យើងទូទាំងប្រទេស»។
BROWN Roastery Park ត្រូវបានបង្កើតឡើងដោយនាំមកនូវស្តង់ដារបច្ចេកវិទ្យាផលិតកម្មកាហ្វេកម្រិតខ្ពស់ និងជាទីតាំងដំបូងបង្អស់នៅកម្ពុជាដែលហ៊ានបើកចំហខ្សែច្រវាក់លីងកាហ្វេឱ្យអតិថិជនបានទស្សនាផ្ទាល់ភ្នែក។ ដំណើរការនេះចាប់ផ្តើមតាំងពីការនាំចូល និងសម្រិតសម្រាំងគ្រាប់កាហ្វេឆៅពីបណ្តាប្រទេសល្បីៗលើពិភពលោក រួមមាន ប្រេស៊ីល កូឡុំប៊ី ឥណ្ឌូនេស៊ី និងហុងឌូរ៉ាស ដោយគ្រាប់កាហ្វេនីមួយៗត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នានៅក្នុងធុងស្តុកស្តង់ដារ (Silos)។ ពីទីនោះ គ្រាប់កាហ្វេត្រូវបានបញ្ជូនតាមបំពង់ conveyor ថ្លាទំនើបដែលអាចបូមគ្រាប់បានរហូតដល់ទៅជាង ១០,០០០ គីឡូក្រាមក្នុងមួយម៉ោង ចូលទៅកាន់ម៉ាស៊ីនលីងកាហ្វេទំនើបចំនួន ៣ គ្រឿង។ ដើម្បីធានាឱ្យបាននូវភាពស្រស់ថ្មី និងគុណភាពខ្ពស់បំផុតដល់អតិថិជន រោងចក្រនេះដំណើរការលីងកាហ្វេជារៀងរាល់ថ្ងៃ ពោលគឺ ៧ ថ្ងៃក្នុងមួយសប្តាហ៍។


ទន្ទឹមនឹងការលីងកាហ្វេប្រចាំថ្ងៃ ការគ្រប់គ្រងគុណភាពបន្ទាប់ពីការលីងក៏ជាចំណុចគន្លឹះដែលត្រូវបានយកចិត្តទុកដាក់បំផុតផងដែរ។ គ្រាប់កាហ្វេដែលលីងរួចត្រូវឆ្លងកាត់ប្រព័ន្ធបញ្ចុះកម្ដៅយ៉ាងលឿន ដើម្បីបញ្ឈប់ដំណើរការចម្អិនខ្លួនឯង ដែលជាកត្តាការពារកុំឱ្យកាហ្វេខ្លោច ឬបាត់បង់តុល្យភាពរសជាតិ។ តាមរយៈបច្ចេកវិទ្យា និងការស្រាវជ្រាវនេះ BROWN បានអភិវឌ្ឍរូបមន្ត House Blend ពិសេសដែលផ្សំចេញពីគ្រាប់កាហ្វេ ៣ ប្រទេស បង្កើតបានជាក្លិនឈ្ងុយបែបគ្រាប់ធញ្ញជាតិលីង (Roasted Nut) រសជាតិដិតបែបសូកូឡា (Dark Chocolate) និងផ្អែមបែប Caramel។


BROWN Roastery Park នឹងដើរតួនាទីជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលសហគមន៍កាហ្វេ ដើម្បីបន្តលើកកម្ពស់ស្តង់ដារឧស្សាហកម្មកាហ្វេនៅកម្ពុជាឱ្យឈានទៅមុខមួយកម្រិតទៀត។ BROWN Roastery Park “ធំ ច្រើន ប្លែក” ចាប់ដំណើរការស្វាគមន៍បងៗជាផ្លូវការចាប់ពីថ្ងៃនេះតទៅ!៕



