នៅពេលដែលនិយាយដល់ខេត្តកំពត កសិផលពីរដែលល្បីខ្លាំងបំផុតនោះគឺ ផ្លែទុរេន និងគ្រាប់ម្រេច។ គ្រាប់ម្រេចកំពតទៀតសោត ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលតំណាងភូមិសាស្ត្រទៀតផង។ សម្រាប់ទុរេន យើងអាចយកមកញ៉ាំ ឬក្រឡុកផឹកបាន តែម្រេចមានអ្នកណាធ្លាប់គិតថាវាអាចច្នៃជាចេញជាភេសជ្ជៈសម្រាប់ផឹកបានខ្លះទៅ?
គោលគំនិតដែលចង់បង្កើតផលិតផលថ្មីជាប្រចាំបានជុំរុញ កាហ្វេប្រោន (BROWN) ឲ្យយកម្រេចក្រហមខេត្តកំពតមកធ្វើជាគ្រឿងផ្សំសម្រាប់លាយជាមួយកាហ្វេ។ ភេសជ្ជៈម្រេចកំពតរបស់ប្រោនមានពីរមុខគឺ កាហ្វេគ្រីមម្រេច និងសូកូឡាក្រឡុកជាមួយគ្រាប់ម្រេច។ រសជាតិវិញគឺមិនហឹរ មិនឆួល តែផ្អែមឆ្ងាញ់ប្លែកតែម្ដង។ កាហ្វេគ្រីមម្រេច (Kampot Peper cream latte) មានរសជាតិល្វីងតិចៗចេញពីកាហ្វេ ហើយឈ្ងុយប្រហើរក្លិនស្ករត្នោតខ្មែរ និងគ្រាប់ម្រេចនេះ។ សូកូឡាវិញក៏ឆ្ងាញ់ ហើយប្រហើរក្លិនម្រេចគួរឲ្យជាប់ចិត្តផងដែរ។
បើនិយាយពីទុរេនវិញ ប្រោនច្នៃចេញជាកាហ្វេក្រឡុកជាមួយទុរេន និងទុរេនលាយជាមួយតែបៃតង ហើយបើនិយាយពីរសជាតិវិញ គឺមិនងាយនឹងបំភ្លេចនោះទេ។
តែយើងឆ្ងល់ថា ប្រោនច្នៃភេសជ្ជៈទាំងនេះដើម្បីអ្វី? បើយោងតាមវីដេអូរដែលប្រោនបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួននៅពេលពួកគាត់ចាប់ផ្ដើមដាក់លក់ភេសជ្ជៈនេះដំបូងនៅខេត្តកំពត យើងឃើញថាប្រោនគាត់ចង់ផ្ដល់អាទិភាពដល់កសិផលក្នុងស្រុក។ គាត់មានឆន្ទៈធ្វើយ៉ាងណា ចង់ជួយជុំរុញការប្រើប្រាស់កសិផលខ្មែរឲ្យបានកាន់តែច្រើន និងចង់ជួយអួតទៅកាន់ពិភពលោកថាផលិតផលខ្មែររបស់យើងល្អខ្លាំងប៉ុណ្ណាព្រោះអតិថិជនប្រោន ទេសចរណ៍បរទេសក៏មិនតិចដែរ! ក្រៅពីភេសជ្ជៈសម្រាប់តំណាងខេត្តកំពតនេះ ប្រោនក៏ធ្លាប់បានធ្វើរឿងបែបនេះជាយូរមកហើយដែរ។
ជាក់ស្តែងយើងអាចសង្កេតឃើញថា តាំងពីឆ្នាំ២០១៣ប្រោនបានបង្កើតភេសជ្ជៈប្រចាំហាងចំនួន ៦មុខ ដែលប្រើប្រាស់ស្ករត្នោតខេត្តកំពង់ស្ពឺ ហើយស្ករត្នោតខ្មែរមួយនេះត្រូវបានប្រើប្រាស់រហូតដល់ ៣តោនក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រោន បានប្រើប្រាស់ផលិតផលមកពីខេត្តមណ្ឌលគិរីចំនួន២ទៀត គឺផ្លែប៊័រ ដែលគាត់ប្រើប្រាស់ ប្រមាណ៥តោនក្នុងមួយឆ្នាំ និងប្រើប្រាស់ផ្លែផាសិន រហូតកសិករផ្តត់ផ្តង់លែងគ្រាន់នៅក្នុងរដូវក្ដៅ។
ហាងកាហ្វេខ្មែរ ប្រើកសិផលខ្មែរ សម្រាប់ខ្មែរ និងពិភពលោកពិសា វាជាទម្រង់បែបឆ្លាតវៃមួយសម្រាប់ហាងកាហ្វេដែលយើងគួរតែសសើរ និងគាំទ្រ។ បងប្អូនយល់យ៉ាងណាដែរសម្រាប់យុទ្ធសាស្ត្ររបស់ប្រោនមួយនេះ?