ដើម្បីបំពេញតម្រូវការទីផ្សារ និងលើកកម្ពស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង លោក កើ សុក្រី ម្ចាស់ប្រេនឆាយមីហឹរ Bro&Sis បានប្រកាសត្រៀមចេញផលិតផលមី និងម្សៅស៊ុបថ្មីដែលផលិតដោយស្នាដៃខ្មែរ ដាក់លក់នៅលើទីផ្សារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ចំពោះផលិតផលទាំងនោះរួមមាន៖
១. មីហឹរកំប៉ុង៖
សម្រាប់មីហឹរកំប៉ុងនេះដែរគឺមានផលិតចំនួន ២ ប្រភេទគឺ៖ មីស៊ីឈ័នកំប៉ុង និងមីសួស៊ីឈ័នកំប៉ុង ដែលមានចំណុះ ១១៥ ក្រាម និងមានតម្លៃ ៤ ០០០ រៀលក្នុង ១ កំប៉ុង។

២. មីហឹរកញ្ចប់៖
សម្រាប់ប្រភេទមីកញ្ចប់នេះវិញ គឺមានផលិតចំនួន ២ ប្រភេទដូចគ្នា ដោយក្នុងនោះរួមមាន៖ មីហឹរកញ្ចប់ និងមីស៊ីឈ័នកញ្ចប់ និងមានចំណុះ ៨៥ ក្រាម និងមានតម្លៃ ៣ ០០០រៀល នៅក្នុង ១ កញ្ចប់។

៣. ម្សៅស៊ុប៖
ក្រៅពីផលិតមី សគ្រិនខ្មែរឥស្លាមរូបនេះ ក៏មានផលិតនូវម្សៅស៊ុបផងដែរ។ សម្រាប់ម្សៅស៊ុបនេះវិញគឺមាន ២ ប្រភេទរួមមាន៖ ម្សៅស៊ុបមាន់ និងសម្សៅស៊ុបបន្លែ។ ដោយក្នុង ១ កញ្ចប់ទម្ងន់ ៤០០ ក្រាម និងដាក់លក់ក្នុងតម្លៃ ៧ ០០០ រៀល។

ថ្លែងប្រាប់ Business Cambodia លោកបានឲ្យដឹងថា សម្រាប់មីកំប៉ុងលោកមិននឹងស្មានថា នឹងផលិតបាននោះទេ ដោយសារមានភាពស្មុគស្មាញ ពិសេសមិនធ្លាប់មានបទពិសោធនទៅលើការសម្ងួតគ្រឿងទេស ប៉ុន្ដែដោយសារសិក្សា និងកែច្នៃបន្ថែមទើបសម្រេចចេញជារូបរាង។ លោកថា បច្ចុប្បន្នមីហឹរកំប៉ុង មីស៊ីឈ័ន នៅក្នុងស្រុកអត់មានអ្នកធ្វើទេ ហើយមីនាំចូលវិញគឺមានតម្លៃថ្លៃ ដូច្នេះទើបជម្រុញឲ្យការមានការផលិតផលិតផលនេះឡើង។ ចំពោះម្សៅស៊ុបផលិតក្នុងស្រុកវិញបច្ចុប្បន្នក៏មិនទាន់អាចបំពេញតម្រូវការបានដូចគ្នា ទើបសម្រេចសិក្សាធ្វើគ្រឿងទេសនេះឡើងប្រកបដោយស្ដង់ដារ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន។

លោកបន្ថែមថា ការផលិតផលិតផលទាំងនេះឡើង គឺមិនមែនដើម្បីខ្លួនលោក ឬគ្រួសារលោកនោះទេ ប៉ុន្ដែវាជះឥទ្ធិពលទៅដល់អាជីវកម្ម សង្គម និងសេដ្ឋកិច្ចជាតិផងដែរដូចជា ផ្ដល់ឱកាសការងារដល់បុគ្គលិក និងផ្ដល់ជាប្រភេទអាហារដល់សិស្ស និស្សិត និងអតិថិជនផ្សេងៗទៀតងាយស្រួលញ៉ាំ ដោយអាចពុំចាំបាត់ទៅដល់ហាងនៅពេលចង់ញ៉ាំមីហឹរម្ដងៗ។ មួយផ្នែកទៀតក៏អាចជួយទៅដល់កសិករផងដែរដូចជា ការ៉ុត ខ្ទឹមបារាំង ឆៃថាវ អីគឺត្រូវការប្រើប្រាស់ច្រើន។
ដូច្នេះសម្រាប់លោកអ្នកដែលចង់បានមីហឹរកំប៉ុង មីហឹរកញ្ចប់ ឬម្សៅស៊ុប ដែលផលិតដោយកូនខ្មែរនេះផ្ទាល់អាចធ្វើការទាក់ទងកម្ម៉ង់ទិញបានតាមរយៈលេខទូរស័ព្ទ៖ 015 94 5555៕






