ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា នាថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤ សាលារៀនអន្តរជាតិប្រាយឡាញ-Bright Line International School បានប្រារព្ធកម្មវិធិប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាទាំងថ្នាក់ភាសាខ្មែរ និងភាសាថ្នាក់អង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។
ជាមួយនឹងវត្តមានដែលពោរពេញទៅដោយភាពរីករាយ គណៈគ្រប់គ្រងសាលា ឯកឧត្តម លោកជំទាវ នាយក-នាយិកា លោកគ្រូ-អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយឡាញ បានមកចូលរួម ចាប់តាំងពីម៉ោង៧:៣០នាទី ដល់ ម៉ោង១២:០០នាទី នៅសាលពហុបំណងរបស់សាលារៀនអន្តរជាតិប្រាយឡាញ ដែលស្ថិតនៅក្នុងបរិវេណសាលារៀនអន្តរជាតិប្រាយឡាញ។
ក្រៅអំពីកម្មវិធីប្រគល់វិញ្ញាបនបត្រនេះដែរគេឃើញមានសកម្មភាពសម្តែងរបស់កុមារា-កុមារី ច្រៀងចម្រៀងរួមគ្នាទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដោយក្នុងនោះក៏មានការថ្លែងចំណាប់អារម្មណ៍របស់សិស្សដែលបានបញ្ជាប់ថា្នក់មធ្យមសិក្សានៃសាលាអន្តរជាតិប្រាយឡាញផងដែរ។
មានទីតាំងធំទូលាយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សាលាអន្តរជាតិប្រាយឡាញបានបណ្តុះបណ្តាលសិស្សចាប់តាំងពីថ្នាក់មតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងចំណេះដឹងទូទៅភាសាចិនផងដែរ។
គួរជម្រាបផងដែរថាសាលារៀនអន្តរជាតិប្រាយឡាញនឹងបើកបវេសនកាលសិក្សាថ្មីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕