រដ្ឋសហការជាមួយជប៉ុន សិក្សាសាងសង់ស្ពាន ផ្លូវអាកាស និងពង្រីកផ្លូវនៅតំបន់ទាំងនេះ
Bunthoeun KoemAUGUST 20 20262.6 K views

ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការគ្នាជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA ដើម្បីសិក្សាគម្រោងសាងសង់ស្ពានថ្មី និងពង្រីកកំណាត់ផ្លូវជាតិលេខ១ឲ្យកាន់តែធំជាងមុន​ រួមជាមួយនឹងការសាងសង់ផ្លូវអាកាសនៅទីប្រជុំជនមួយចំនួនផងដែរ។ 

 

យោងតាមការចេញផ្សាយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ចុងក្រោយ (Draft Final Report) នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខណៈកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។

 

777801050 1102102712243172 2038572021700871892 N

 

ប្រភពដដែលបានបញ្ជាក់ថា គម្រោងដ៏មានសារសំខាន់ខាងលើ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងសម្រួលការធ្វើចរាចរណ៍តាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ដោយគ្របដណ្តប់លើ៖

 

១. ការប្រែក្លាយ និងពង្រីកផ្លូវជាតិលេខ១ (ប្រវែងសរុប ៥៣ គីឡូម៉ែត្រ): ពង្រីកពី ២ ទៅ ៦ គន្លង និង ៤ គន្លង តាមផ្នែកជាក់ស្តែង រួមទាំងការសាងសង់ផ្លូវអាកាស (Viaduct) នៅចំណុចប្រជុំជន/ផ្សារសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាកកស្ទះ។

២. ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (តភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២): ប្រភេទស្ពាន Extradosed Bridge តភ្ជាប់រវាងរាជធានីភ្នំពេញ និងតំបន់អរិយក្សត្រ ព្រមទាំងផ្លូវតភ្ជាប់សំខាន់ៗ។

 

611816192 1348468293978100 412544569897420776 N

 

ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំទាំងមូលបានចូលរួមផ្តល់យោបល់ និងពិភាក្សាយ៉ាងផុលផុសលើទិដ្ឋភាពបច្ចេកទេស ផលប៉ះពាល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងផែនការអនុវត្តគម្រោង។ ជាមួយគ្នានេះ សមាជិកអង្គប្រជុំទាំងអស់បានសម្តែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្សាយ៉ាងលម្អិត និងស៊ីជម្រៅរបស់ក្រុមការងារសិក្សាគម្រោង នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស JICA ដែលជាជំហានដ៏មានសារសំខាន់ឈានទៅរកការអនុវត្តគម្រោងជាផ្លូវការ ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia