តាមការគ្រោងទុកស្ពានខ្សែកាបដែលតភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរា តម្លៃជិត ៤០ លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣នេះហើយ។ តើលោកអ្នកដឹងទេថា គិតមកដល់ពេលនេះ គម្រោងស្ពានដ៏សំខាន់នេះសម្រេចការសាងសង់បានប៉ុន្មានភាគរយហើយ?
យោងតាមការដកស្រង់ពីនាយករដ្ឋានព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជាមុននេះបន្ដិចបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦៥% ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។
ប្រភពដដែលក៏បានបញ្ជាក់ផងដែរថា ការសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ជាមួយកោះនរានេះ នឹងជួយតភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ផងដែរ។
សូមជម្រាបផងដែរថា ស្ពានខ្សែកាបថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ កឹម ប៊ុនធឿន