នៅដើមឆ្នាំថ្មី ២០២៣ ខាងមុខនេះ ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាបថ្មីមួយទៀត ដែលមានទីតាំងសិ្ថតនៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់សាងសង់ជាស្ថាពរ ខណៈបច្ចុប្បន្នដំណើរការសាងសង់ស្ពានមួយនេះសម្រេចបានជិត៩០ហើយ។ នេះបើតាមការចេញផ្សារពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងខ្លឹមសារដែលចេញផ្សាយដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានសរសេរថា «គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៨៩% នៃគម្រោង ។ តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសាឆ្នាំ២០២៣ ខាងមុខ»។
សូមជម្រាបផងដែរថា គម្រោងស្ពានឆ្លងកាត់ទន្លេសាបថ្មីនេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ ៥ ខណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ស្ពាននេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន OCIC ដែលមានរចនាបទទំនើប មានសរសធំចំនួន ៤បង្គោល និងមានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ហើយចំពោះថវិកានៃកាសាងសង់គឺចំណាយចំនួន ៣៥ លានដុល្លារអាមេរិកផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន