នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ធនាគារ ប្រ៊ីដ ដែលជាធនាគារពាណិជ្ជកម្ពុជា បានសហការជាមួយក្រុមហ៊ុន Bellsnord ដែលជាអ្នកផ្ដល់សេវាបច្ចេកវិទ្យាធនាគារឌីជីថលមកពីប្រទេសម៉ាឡេស៊ី រៀបចំ “ពិធីចុះកិច្ចសន្យា លើការសហការផ្ដល់ជូននូវប្រព័ន្ធធនាគារ ឌីជីថល រវាងធនាគារ ប្រ៊ីដ ម.ក និង ក្រុមហ៊ុន BELLSNORD”។
ពិធីចុះកិច្ចសន្យានេះ ប្រារព្ធឡើងដោយមានការចូលរួមជាអធីបតីភាពពីសំណាក់ លោក Gorman Siah នាយកក្រុមហ៊ុន Bellsnord និង លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ ព្រមទាំងវត្តមាននៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីទាំងសងខាងជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Gorman Siah តំណាងឱ្យក្រុមហ៊ុន Bellsnord បានលើកឡើងថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងធនាគារ ប្រ៊ីដ ដោយសម្រេចផ្ដល់ជូននូវដំណោះស្រាយអ៊ិនធឺណេត Demain និងសេវាធនាគារចល័តដ៏ទំនើបបំផុត សម្រាប់បម្រើដល់សេវាធនាគារបុគ្គល ព្រមទាំងសេវាអាជីវកម្មផងដែរ”។
លោក Gorman Siah បានបន្ថែមទៀតថា៖ «ផលិតផល DEMAIN API Gateway ក៏នឹងក្លាយជាផ្នែកមួយនៃការផ្ដល់ជូនរបស់ក្រុមហ៊ុន Bellsnord ដែលអនុញ្ញាតឱ្យធនាគារ ប្រ៊ីដ កម្ពុជា ប្រើប្រាស់នូវបច្ចេកវិទ្យាធនាគារ API លំដាប់ពិភពលោក»។
ទន្ទឹមនឹងនោះ នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ លោក Richard Liew ក៏មានប្រសាសន៍បន្ថែមថា៖ «ការផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថល នឹងគ្របដណ្ដប់លើផ្នែកសំខាន់ៗចំនួន៣ ដើម្បីជួយដល់ធនាគារ ក្នុងការបើកដំណើរការសេវាកម្មឌីជីថលរបស់ខ្លួនគឺ Bridge Mobile សម្រាប់សេវាធនាគារបុគ្គល សាជីវកម្ម និងសេវាធនាគារតាមអ៊ិនធឺណេតសម្រាប់អតិថិជនអាជីវកម្មជាចម្បង និងជាពិសេសបច្ចេកវិទ្យា API សម្រាប់វេទិកាធនាគារបើកចំហ»។
នៅក្នុងការសហការរបស់ភាគីទាំង២ ខាងលើនេះ នឹងធ្វើឱ្យអតិថិជនរបស់ធនាគារ ប្រ៊ីដ ទាំងអស់ទទួលបាននូវសេវាកម្មធនាគារបែបឌីជីថល ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ទាំងប្រព័ន្ធខាងក្នុងនិងខាងក្រៅ ដូចជាការផ្ដល់សេវាកម្ម និយតករ ទូទាត់វិក្កយបត្រ និងបញ្ចូលទឹកប្រាក់ទូរស័ព្ទជាដើម។
សូមជម្រាបផងដែរថា ធនាគារ ប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុកមួយ ដែលមានចក្ខុវិស័យក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ ដោយផ្ដល់នូវសេវាហិរញ្ញវត្ថុគួរជាទីជឿទុកចិត្ត តាមរយៈស្ដង់ដារសេវាកម្មសកលរបស់ខ្លួន និងធ្វើឱ្យការប្រើសេវាកម្មធនាគារ មានភាពងាយស្រួល និងសុវត្ថិភាព៕


