ធនាគារ ប៊្រីដ គឺជាធនាគារពាណិជ្ជក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនធំជាខ្មែរពោលគឺធនាគារនេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជារកស៊ីក្នុងវិស័យដឹកជញ្ជូន អចលនទ្រព្យ សេវាហិរញ្ញវត្ថុនិងវិស័យផ្សេងៗទៀតជាច្រើន។

នៅក្នុងឆ្នាំ២០២២ ធនាគារ ប៊្រីដ(BRIDGE Bank) បានកម្លាយខ្លួនពីធនាគារឯកទេស មកជាធនាគារពាណិជ្ជ ដោយទទួលបានអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា។
តាមពិតទៅធនាគារ ប៊្រីដ ជាផ្នែកមួយនៃក្រុមហ៊ុន WorldBridge Group ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ពីសំណាក់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានពង្រីកការគ្រប់គ្រងទៅលើវិស័យដែលមានសក្ដានុពល រួមមាន, ការដឹកជញ្ជូន និងភស្ដុភារកម្ម, អចលនទ្រព្យ និងសំណង់, តំបន់សេដ្ឋកិច្ចពិសេស, ចំណីអាហារ និងភេសជ្ជៈ, សេវាហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាច្រើនទៀត។

បើយោងតាមប្រសាសន៍របស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សា ធនាគារ ប៊្រីដ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤បានឲ្យដឹងថា”២ឆ្នាំបន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាមក ធនាគារបានធ្វើការវិនិយោគជាយុទ្ធសាស្រ្តនាពេលអនាគតគឺពង្រឹកនិងពង្រីកទាំងសាខានិងបច្ចេកវិទ្យា”។

លើសពីនេះធនាគារក៏ពង្រីកនិងបណ្ដុះបណ្ដាលបុគ្គលិកដើម្បីបម្រើអតិថិជន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស បច្ចេកវិទ្យានិងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើនដ៏មានចីរភាពរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថាគិតត្រឹមដំណាច់ឆ្នាំ២០២៤ ធនាគារ ប៊ី្រដ មានទ្រព្យសកម្មជាង២១៣លានដុល្លារ ជាមួយនឹងសមតុល្យឥណទានប្រមាណជា៩១លានដុល្លារ៕


