ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា ដែលមានទីតាំងភូមិសាស្ត្រត្រើយខាងកើត ស្ថិតនៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា នេះផ្តល់ហិរញ្ញប្បទានដោយ ធីភី ម៉ូរ៉ាល់ គ្រុប ឯ. ក ខណៈការសាងសង់គ្រប់គ្រងដោយក្រុមហ៊ុន Zhejiang Huan Xin Traffic Engineering Co., Ltd.។ ដោយឡែកក្រុមហ៊ុនត្រួតពិនិត្យ និងទីប្រឹក្សាបច្ចេកទេសមានគឺក្រុមហ៊ុន Zhejiang Institute of Communications Co., Ltd. (Zhejiang Design Institute) ដោយមានការសហការជាមួយក្រុមហ៊ុនក្នុងស្រុក Mekong PWT Engineering Co., Ltd.ផងដែរ។
សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល។

បើយោងតាមសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់ តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១.បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២.រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និង
គួចខ្លាំងដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។
៣.ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពី បុគ្គលិកការដ្ឋានសាងសង់។
៤. មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់។
៥.នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។
៦.ហាមបើកវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពី គ្នាក្នុងចម្ងាយ ៥០០ម៉ែត្រ ក្នុងករណីធ្វើឱ្យនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង ១ ០០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍ស្របតាមចរន្តទឹកហូរ៕


