គ្មានបរិញ្ញាបត្រជីវិតជោគជ័យបានទេ? Brain Tracy ប្រាប់ក្បួន៥ បើធ្វើបានទោះរៀនមិនបា​នខ្ពស់ក៏មិនក្រដែរ
Kan DaraNOVEMBER 29 2022405 views

ការអប់រំពេញមួយជីវិត គឺជារបៀបរស់នៅរបស់មនុស្សក្នុងសតវត្សទី២១។ មានមនុស្សមួយចំនួនតែងគិត ថាខ្លួនគ្មានសញ្ញាបត្រគឺជាមនុស្សបរាជ័យ ព្រោះតែរៀនមិនបានខ្ពស់ឬមិនបានចប់បរិញ្ញប័ត្រដែលជាស្តង់ដារនៃជីវិតអប់រំនោះ ពិតជាមិនអាចជោគជ័យក្នុងជីវិតបានឡើយ។

ឈប់សិន! សាកស្រមៃបន្តិចទៅមើលថា តើរូបភាពនៃមនុស្សបរាជ័យមានលក្ខណៈបែបណា?​ មនុស្សបរាជ័យគឺជាមនុស្សដែលចុះញាមនឹងជីវិត ព្រមឱ្យខ្លួន​ឯងរស់នៅ ក្នុងភាពបរាជ័យអស់មួយជីវិត ហើយនេះជាជំពូកនៃដំណើរបរាជ័យពិតប្រាកដ។

យោងតាមការសិក្សាស្រាវជ្រាវមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពសាងដំណើរនៃភាពជោគជ័យរបស់ខ្លួនឯង​ដោយគ្រាន់តែផ្តោតលើ សរសរគ្រឹះធំៗ២ប៉ុណ្ណោះគឺការតាំងចិត្ត និងសកម្មភាពសម្រាប់គម្រោងដែលមានអត្ថន័យបំផុតរបស់ជីវិតពួកគេ។ ក្នុងនោះអ្នកនិពន្ធអំពីទម្លាប់និងការអភិវឌ្ឍន៍ខ្លួនដ៏ល្បីល្បាញគឺលោក  Brain Tracy បានបង្ហើបអំពីវិថី៥យ៉ាងឆ្ពោះទៅរកដែលភាពជោគជ័យទោះបីជារៀនមិនចប់ឬគ្មានសញ្ញាប័ត្រក្តី។

១.រើសអាជីព១ដែលត្រឹមត្រូវ

អ្នកមិនត្រូវការសញ្ញាប័ត្រដើម្បីឆ្ពោះទៅរកភាពជោគជ័យនោះទេ តែអ្នកពិតជាត្រូវការសញ្ញាប័ត្រដែលបង្ហាញអំពីអាជីពជាក់លាក់មួយ។ ជាការពិតណាស់យើងមិនអាចចេះគ្រប់យ៉ាង អាចធ្វើបានគ្រប់រឿងនោះទេ ដូច្នេះហើយទោះបីជាគ្មានសញ្ញាប័ត្របញ្ជក់ពីកម្រិតសិក្សានោះទេ អ្នកគ្រាន់តែប្រឹងប្រែងដុសខាត់ជំនាញដ៏ជាក់លាក់មួយសម្រាប់អាជីពជាស្នូលហើយ ជាតម្រូវការទីផ្សារ ទោះចង់ក្រក៏លំបាកដែរ។

២.ចេះជំនាញលក់និងចរចារ

មិនថាអាជីពឬជំនាញរបស់អ្នកបែបណានោះទេ អ្នកត្រូវចេះជំនាញចរចារនិងលក់ដែលជាផ្លូវដែលអាចនាំអ្នកឱ្យកាន់តែពូកែជាងមុន។ សម្រាប់ការអភិវឌ្ឍន៍ជំនាញអ្នកគ្រាន់តែអាចអនុវត្តន៍តាមរយៈការរៀនសូត្រពីអ្នកជំនាញ ឬការអប់រំក្រៅប្រព័ន្ធនិង ការអានសៀវភៅដែលផ្តោតលើជំនាញដែលអ្នកចង់រៀនជាដើម មិនទាល់តែអ្នកមានលុយច្រើនដើម្បីរៀនក្នុងសាលាល្បីៗនោះទេ។

៣. ទំនាក់ទំនងជាមួយមនុស្សក្នុងវិស័យ

ការចូលរួមទំនាក់ទំនងជាមួយមនុស្សក្នុងវិស័យដែលអ្នកចង់ដូចពួកគេគឺជាជម្រើសដែលអ្នក​ គួរធ្វើដើម្បីមានភាពជោគជ័យ។ ក្នុងន័យនេះមិនមែនមានន័យថា​​ដើរជាមួយអ្នកជោគជ័យ អែបអបគេ ក្លាយជាមនុស្សជោគជ័យនោះទេ តែគឺផ្តោតសំខាន់ទៅលើការរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា។ តាមរយៈនេះដែរ សំណួរសួរថាតើអ្វីទៅដែរអ្នកជោគជ័យអាចព្រមបើកឱកាសឱ្យយើងរៀនសូត្រពីគេ គឺការធ្វើខ្លួនឱ្យមានតម្លៃតាមរយៈការចង់ចេះចង់ដឹងឥតឈប់ឈរលើរឿងមានប្រយោជន៍។

៤.រៀនសូត្រពីសកម្មភាព

មិនបានចូលរៀនសកលវិទ្យាល័យមិនមែនមានន័យថា​មិនល្អនោះទេ តែអ្នកអាចរៀនសូត្របានតាមរយៈការប្រឡូកនូវការងារ ការងារស្ម័គ្រចិត្ដដើម្បីទទួលបានបទពិសោធន៍ ដើម្បីកាន់តែមានគ្រឹះរឹងមាំក្នុងអាជីព។ ម្យ៉ាងវិញទៀតក្នុងសម័យទំនើបនេះពិភពលោកសិ្ថតនៅក្នុងដៃអ្នក ដូច្នេះការអប់រំមាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលាឱ្យតែអ្នកតាំងចិត្ត។

៥.​ចាប់ផ្តើមសកម្មភាព

ប្រសិនបើអ្នកមិនមានលទ្ធភាពចូលសកលវិទ្យាល័យ​​នោះទេ សូមកុំតូចចិត្តអ្វី ព្រោះថាភាពជោគជ័យ គឺផ្តើមចេញពីសកម្មភាព ឱកាស​និងចំណេះដឹងពីគ្រប់ចក្រល្ហកទាំងអស់។ ដូចពាក្យមួយឃ្លាដែល Brain Tracy បានលើកឡើងថា “មនុស្សដែលជោគជ័យគឺជាមនុស្សដែលមានទម្លាប់ជោគជ័យ”។

ជាការពិតណាស់ជីវិតគឺជាការអប់រំពេញមួយជីវិត មិនថាអ្នកបានរៀនខ្ពស់កម្រិតណា ឬគ្មានសញ្ញាប័ត្រវាមិនសំខាន់នោះទេ ប៉ុន្តែបើអ្នកឈប់អភិវឌ្ឍន៍ខ្លួនទើបជារឿងគួរឱ្យព្រួយបារម្ភ ព្រោះថាចំណេះដឹងថ្ងៃនេះអាចនឹងហួសដេឡេនៅថ្ងៃស្អែក ដោយសារជីវិតមិនដែលឈប់បង្រៀនយើងមួយវិនាទីណាសោះឡើយ។

ជាចុងក្រោយតាមរយៈអត្ថបទនេះចាបក្រហមមិនមានចេតនាណាមួយមិនឱ្យតម្លៃការអប់រំនោះទេ គ្រាន់តែចង់លើកទឹកចិត្តដល់អ្នកមិនមានលទ្ធភាពរៀនសូត្រខ្ពង់ខ្ពស់​ កុំឱ្យអស់សង្ឃឹមឱ្យតែអ្នកតាំងចិត្តថារៀនសូត្រ ទីណា ពេលវេលាណាក៏ក្លាយជាសាលារៀនរបស់អ្នកដែរ ព្រោះថាសាលារៀនជីវិតគ្មានដែនកំណត់នោះទេ៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia