នាព្រឹកថ្ងៃទី15 ខែមីនា ឆ្នាំ2023 កន្លងទៅនេះ បុរី វិមានភ្នំពេញ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋាន ជាមួយធនាគារ ប្រេដ ដើម្បីភាពកាន់តែងាយស្រួល និងបង្កើនជម្រើសបន្ថែមទៀត សម្រាប់អតិថិជនក្នុងការស្នើកម្ចីទិញផ្ទះក្នុង បុរី វិមានភ្នំពេញ។ ថ្នាក់ដឹកនាំជាន់ខ្ពស់បុរី វិមានភ្នំពេញបានរំពឹងថា ការលក់លំនៅឋានក្នុងគម្រោងបុរី វិមានភ្នំពេញ នឹងកាន់តែមានភាពប្រសើរឡើង បន្ទាប់ពីចាប់ដៃគូសហការជាមួយធនាគារ ប្រេដ ដែលជាធនាគារដ៏ធំមួយមកពីប្រទេសបារាំង។ ជាមួយកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតនេះ អតិថិជនរបស់ បុរី វិមានភ្នំពេញទាំងអស់ អាចទទួលបានកម្ចីរហូតដល់ 80% នៃតម្លៃផ្ទះ ជាមួយអត្រាការប្រាក់ទាប និងអាចបង់រំលស់បានរហូតដល់ 20ឆ្នាំ ជាមួយសេវាកម្មងាយស្រួល និងឆាប់រហ័សបំផុត។
លោក មឿង រដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ ឌីវេឡុបមិន វិមានភ្នំពេញ ឯ.ក បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការចាប់ដៃគ្នាជាមួយធនាគារ ប្រេដ ក្នុងការជួយបង្កើនភាពទាក់ទាញ និងជំរុញទីផ្សារទិញលក់បុរីវិមានភ្នំពេញឲ្យកាន់តែល្អប្រសើរ។ លោករំពឹងថា តាមរយៈភាពជាដៃគូនេះ នឹងរួមចំណែកធ្វើអោយអតិថិជនមានលទ្ធភាពកាន់តែខ្ពស់ក្នុងការទិញលំនៅឋាននៅក្នុងគម្រោងរបស់បុរី វិមានភ្នំពេញ ដែលមានតម្លៃចាប់ពីជាង7ម៉ឺនដុល្លាររហូតដល់ជាង2លានដុល្លារអាមេរិក។
លោកបានបន្តថា «កត្តាដែលជំរុញឲ្យបុរីវិមានភ្នំពេញចាប់ដៃគ្នាជាមួយធនាគារនេះ គឺដោយសារធនាគារមកពីប្រទេសបារាំងមួយនេះមានការផ្តល់ជូនលក្ខខណ្ឌឥណទានល្អ គួបផ្សំអតិថិជនមួយចំនួនរបស់ធនាគារនេះបានទិញលំនៅឋានក្នុងបុរី វិមានភ្នំពេញស្រាប់។ ដូច្នេះលោកជឿជាក់ថា តាមរយៈភាពជាដៃគូនេះនឹងរួមចំណែកជួយផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរៀងៗខ្លួន»
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ បុរី វិមានភ្នំពេញបានអភិវឌ្ឍគម្រោងលំនៅឋាន បានចំនួន16គម្រោង ដែលភាគច្រើននៅរាជធានីភ្នំពេញ និងមានផ្ទះសរុបប្រមាណ 8ពាន់ខ្នង និងមានតម្លៃចាប់ពីជាង7ម៉ឺនដុល្លាររហូតដល់ជាង ២លានដុល្លារ។ យោងតាមប្រសាសន៍របស់លោក មឿង រដ្ឋា ក្នុងចំណោមផ្ទះប្រមាណ 8ពាន់ខ្នង មានផ្ទះជាង 6ពាន់ខ្នងត្រូវបានលក់ជូនអតិថិជន។ ដោយសារមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន បុរី វិមានភ្នំពេញ បានពង្រីកការវិនិយោគរបស់ខ្លួនដល់ខេត្តក្រចេះ នៅទីរួមស្រុកស្នួលផងដែរ។