កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនលក់រាយវៀតណាម Mobile World Group (MWG) បានសម្រេចចិត្តបិទសង្វាក់អាជីវកម្ម Bluetronics នៅកម្ពុជាស្ទើរតែទាំងអស់ប្តូរពីចំនួន ៥៥កន្លែង មកសល់ត្រឹម ២ប៉ុណ្ណោះ ដើម្បីឈោងចាប់ទីផ្សារថ្មីទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត vnexpress។
នៅក្នុងកិច្ចប្រជុំវិនិយោគិន នាទីក្រុងហូជីមិញ កាលពីសប្តាហ៍មុន លោក Nguyen Duc Tai ដែលជាមេធំ និងជានាយកប្រតិបត្តិឈរពីក្រោយយីហោខាងលើ បានលើកឡើងយ៉ាងដូច្នេះថា៖ «ទីផ្សារកម្ពុជាមានទំហំតូច ហើយខ្សែសង្វាក់ Bluetronics នឹងឈប់ដំណើរការក្នុងត្រីមាសទីមួយនេះ»។ លោកបានបន្ថែមទៀតថា៖ «ការបិទនៅកម្ពុជានឹងជួយឱ្យ MWG ប្រកួតប្រជែងកាន់តែប្រសើរឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារអាស៊ីអាគ្នេយ៍ទីពីររបស់ខ្លួន»។ នេះបើតាមការឲ្យដឹងពីគេហទំព័រ theinvestor.vn។
យ៉ាងណាមិញ បន្ទាប់ពីដកខ្លួនចេញពីប្រទេសកម្ពុជា ពេលនេះ Bluetronics នឹងចាប់យកទីផ្សារប្រទេសផ្សេង គឺឥណ្ឌូណេស៊ី ដោយប្ដូរឈ្មោះទៅជា EraBlue ដោយលក់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀតដដែល។ បច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌូណេស៊ី មានហាង EraBlue ចំនួន៥ហើយ ដោយក្រុមហ៊ុន Mobile World បានបើកកាលពីចុងខែធ្នូ ឆ្នាំ២០២២ ដោយកំណត់យកចំណូលប្រចាំខែ ជាមធ្យមចំនួន ៥ពាន់លានដុង។ អ្នកគ្រប់គ្រង Mobile World បាននិយាយថាទំហំទីផ្សារនៅក្នុងប្រទេសនេះគឺមានតម្លៃប្រហែល ១៤ពាន់លានដុល្លារ ដែលមានទំហំធំជាងរបស់កម្ពុជា និងវៀតណាម ២ដងឯណោះ។
គួរជម្រាបផងដែរថា ក្រុមហ៊ុន Mobile World បានបើកហាងដំបូងគេនៅកម្ពុជាមានឈ្មោះ BigPhone កាលពីជិត៦ឆ្នាំមុន ដោយរំពឹងយ៉ាងខ្លាំងថា ហាងនីមួយៗនឹងអាចរកចំណូលបានខ្ទង់ ២ពាន់លានដុង ឬស្មើនឹង ៨៤,៧០០ដុល្លារក្នុងមួយខែ។ ទោះអាចរកចំណូលកើនឡើងជាបីខ្ទង់ក្នុងរយៈពេលជិត ៤ឆ្នាំជាប់ៗគ្នា ដែលជិតដល់ ៥០០ពាន់លានដុងក្នុងឆ្នាំ២០២១ ក៏ពិតមែន ប៉ុន្តែចំណូលនេះនៅតែបានតិចជាង ០.៥% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុន Mobile World បានឲ្យដឹងដែរថា៖ «ខ្សែសង្វាក់អាជីវកម្មនេះ មិនមានសក្តានុពលក្នុងការរួមចំណែកក្នុងប្រាក់ចំណូល និងប្រាក់ចំណេញដ៏សំខាន់នាពេលអនាគតរបស់ក្រុមហ៊ុននោះទេ ដូច្នេះយើងបានបិទវាជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយបន្ទុកផ្សេងៗទៀត»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦