រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ ខណៈកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា លោក យឿន វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា លោក សុខ លេង អគ្គនាយកក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក ព្រមទាំងសមាជិកសមាគម និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
សម្រាប់ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក និងសមាគមអ្នកវិនិយោគមូលបត្រកម្ពុជានេះដែរ គឺមានគោលបំណងបង្ហាញពីភាពជាដៃគូរសហការដែលផ្តល់នូវកម្មវិធីគាំទ្រផ្នែកបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធនឹងការវិនិយោគ, ការជួញដូរ និងឱកាសនៃការស្វែងរកប្រាក់ចំណេញនៅក្នុងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដម ស៊ូ សុជាតិ បានប្រសាសន៍លើកឡើងថា “ ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ គឺស្របទៅនឹងគោលការណ៍ស្នូលរបស់និយ័តករមូលបត្រកម្ពុជា គឺការបណ្ដុះបណ្ដាល ការបង្កើនចំណេះដឹងដល់វិនិយោគិន ដែលជាយន្ដការមួយនៃការការពារវិនិយោគិនផងដែរ”។
លោក សុខ លេង អគ្គនាយកក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក បានបង្ហាញនូវក្ដី រីករាយដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។ ពាក់ព័ន្ធនឹងការចុះអនុស្សរណៈនេះពិតជាមានសារៈសំខាន់ដោយសារការចុះអនុស្សរណៈ គឺស្របទៅតាមនិតិវិធីរបស់និយ័តករមូលបត្រកម្ពុជា ហើយអ្វីដែលសំខាន់គឺមានភាពទុកចិត្ដគ្នាទៅវិញទៅមកលើការវិនិយោគនៅក្នុងវិស័យមូលបត្រ។
លោកអគ្គនាយករូបនេះ ក៏បានថ្លែងអំណរគុណជាខ្លាំងចំពោះសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ដែលមានទំនុកចិត្ដជាមួយក្រុមហ៊ុនរហូតឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ។ លោកបន្ថែមថា សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន ព្រោះសមាគមមានសមាជិក និងអតិថិជននៅក្នុងដៃច្រើន។
ដោយឡែកលោក យឿន វីរបុត្រ ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលសមាគមសម្រេចសហការជាមួយនឹងក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក ដោយសារក្រុមហ៊ុនមួយនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការវិនិយោគ និងជួញដូរ ក្នុងវិស័យមូលបត្រ ហើយក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយផងដែរទៅលើការវិនិយោគ និងជួញដូរ ក្នុងផ្សារមូលបត្រនេះ។
សូមជម្រាបថា ក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០។ ក្រុមហ៊ុននេះមានផ្ដល់សេវាកម្មជួញដូរទៅលើលោហៈធាតុមានតម្លៃដូចជា មាស ប្រាក់ និងរូបិយប័ណ្ណអន្ដរជាតិ ព្រមទាំងផលិតផលលើកិច្ចសន្យាគម្លាតថ្លៃផ្សេងៗទៀតទៅឲ្យអតិថិជនរបស់ក្រុមហ៊ុនទាំងរូបវន្ដបុគ្គល និងនីតិបុគ្គល។ បច្ចុប្បន្នក្រុមហ៊ុនមានការិយាល័យនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយក៏កំពុងពង្រីកបន្ថែមទៀតផងដែរ។ នាប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបានផ្ដល់សេវាកម្មជូនអតិថិជនជាង ១ លាននាក់ នៅក្នុង ១៨០ ប្រទេសជាងនៅជុំវិញពិភពលោក។
ប្ល៊ែកវែល គ្លូប៊ល គឺជាក្រុមហ៊ុនឈ្មួញជើងសារដ៏ធំដែលមានការិយាល័យកណ្ដាលនៅចក្រភពអង់គ្លេស។ បច្ចុប្បន្នក្រុមហ៊ុនមានអាជ្ញាបណ្ណចេញពីស្ថាប័ននិយ័តករល្បីៗជាច្រើនដូចជា៖ FCA នៅចក្រភពអង់គ្លេស SFC នៅទីក្រុងហុងកុង SCB នៅប្រទេសបាហាម៉ាស ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីនិយ័តករមូលបត្រកម្ពុជា SERC 005។ ក្រៅពីនោះក្រុមហ៊ុនក៏ទទួលបានពានង្វាន់ជាង ៨០ ដែលទទួលស្គាល់ពីស្ថាប័នឯករាជ្យជុំវិញពិភពលោកជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺទទួលបានការសាទរជាខ្លាំងទៅលើសេវាកម្ម ឧត្ដមភាពបម្រើសេវាកម្មបម្រើអតិថិជន និងបច្ចេកវិទ្យាជួញដូរដ៏ទំនើប។
សម្រាប់លោកអ្នកដែលចង់បានគណនីវិនិយោគ ឬជួញដូរ នៅក្នុងទីផ្សារមូលបត្រ ជាមួយក្រុមហ៊ុន ប្ល៊ែកវែល គ្លូប៊ល អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក សូមទាក់ទងទៅកាន់ https://t.me/Blackwell_Cambodia ឬទៅកាន់ទីតាំងការិយាល័យក្រុមហ៊ុន Google Maps: https://maps.app.goo.gl/avbcGCw3ZKrNKebP8 ៕