សុទ្ធតែធនាគារធំ! តោះមកស្គាល់ប្រវត្តិសិក្សានិងការងារ របស់ CEO បរទេសនៃធនាគារទាំង៥ នៅកម្ពុជា
SOKLY SOJANUARY 18 20232.5 K views

សព្វថ្ងៃនេះ វិស័យធនគារបានក្លាយជាសរសៃឈាមយ៉ាងសំខាន់នៅក្នុងការដំណើរការសេដ្ឋកិច្ចជាតិទាំងមូលឱ្យរីកចម្រើនទៅមុខបាន ដោយសារតែគ្រប់អាជីវកម្មមិនថាតូចឬធំ​សុទ្ធតែពឹងផ្អែកលើធនាគារ។ ថ្ងៃនេះដែរ Business Cambodia សូមនាំអារម្មណ៍លោកអ្នក ឱ្យមកស្កាល់ ថ្នាក់ដឹកនាំដ៏ដូចជានាយកប្រតិបត្តិជនជាតិបរទេសទាំង៥រូប របស់ធនាគារធំៗ៥ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាយើង។

៨.២

១. ធនាគារ អ៊ូរី

លោក គីម ហុង ជូ ជានាយកប្រតិបត្តិនៃធនាគារ អ៊ូរី ប្រចាំប្រទេសកម្ពុជា។ លោកបានរៀនចប់ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិ សេអ៊ូលនៃប្រទេសកូរ៉េ។ លោកបានចូលរួមបម្រើការងារជាមួយធនាគារ អ៊ូរី និងមាននូវបទពិសោធន៍យ៉ាងច្រើនលើវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសលោកមានឯកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មសកល។  

លោកបានចូលរួមចំណែកក្នុងប្រតិបត្តិការទិញលក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្លិះហ្វាយនែន ក្នុងឆ្នាំ ២០១៤ និងក្រោយមកបានរួមបញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក នៅដើមឆ្នាំ ២០២០។ នៅចុងឆ្នាំ២០២១ ក្រោយទទួលបានអនុម័តិពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម លោកក៏បានក្លាយជាភាគទុនិក របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (ពីមុនឈ្មោះថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក)។ ដល់ដើមឆ្នាំ២០២២ លោក គីម ហុង ជូ  ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិថ្មីនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក. តែម្ដង។

៨.៦

២. ធនាគារ ជីប ម៉ុង

លោក John Bell ជាអគ្គនាយកនៃធនាគារ ជីប ម៉ុង លោកមានបទពិសោធន៏ជាង២០ឆ្នាំមកហើយ ក្នុងការគ្រប់គ្រងធនាគារខ្នាតតូច និងមធ្យម នៅអឺរ៉ុប កណ្តាល និងខាងកើត។ លោកមានការយល់ដឹងខ្ពស់ ពីមុខងារធនាគារសម្រាប់អតិថិជិនដូចជា៖ ផលិតផល និងបណ្តាញចែកចាយ ជាមួយនឹង សមត្ថភាពពិសេស ដើម្បីសម្រេចបាននូវផលិតភាពខ្ពស់ ដើម្បីឱ្យស្របទៅតាមគោលដៅយុទ្ធសាស្រ្ត។

៨.៥

៣. ធនាគារ វឌ្ឍនៈ

លោក អាន់ធូនី មិន ខុង ជានាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ។ លោកជាជនជាតិ​ម៉ា​ឡេ​ស៊ី​ ​បាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ វឌ្ឍនៈ​នៅ​ថ្ងៃ​ទី​ 3​ ខែតុលា​ ឆ្នាំ​2022​ ហើយ​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ប្រតិបត្តិ​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 1​ ខែវិច្ឆិកា​ ឆ្នាំ​2022​។​ លោកបាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​ (​ជំនាញ​ហិរញ្ញវត្ថុ​ និង​ម៉ាឃីតធីង​)​ នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ នៃ​ទីក្រុង​ស៊ី​ដ​នី​ ប្រទេស​ អូ​ស្រា្ត​លី​ និង​បញ្ចប់​ថា្ន​ក់​អនុ​បណ្ឌិត​(​បរិញ្ញាបត្រ​ជាន់ខ្ពស់​)​ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ នៃ​សាកលវិទ្យាល័យ​ Herriot-Watt​ ចក្រភព​អង់គ្លេស​។

ជាមួយនឹង​បទ​ពិសោធន៍​ជាង​ 25​ឆ្នាំ​ នៅ​ក្នុង​វិស័យ​ធនាគារពាណិជ្ជ​ លោក​មាន​ចំណេះដឹង​យ៉ាង​ទូលំទូលាយ​ និង​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​ លើ​អាជីវកម្ម​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​ លោក​ធ្លាប់​ជា​អតីត​អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ​ Maruhan​ Japan​ ប្រទេស​ឡាវ​ ហើយ​ក៏​ធ្លាប់​ជា​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ស្ថាបនា​ ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

៨.៤

៤. ធនាគារ អូរៀនថល

លោក ដាតុ ផាន យិនថុង ជានាយកគ្រប់គ្រងរួម និងនាយកប្រតិបត្តិ នៃធនាគារ អូរៀនថល។ ធនាគារអូរៀនថល ត្រូវបានបង្កើតឡើងដោយលោក ដាតុ ផាន យិនថុង អាយុ ៥៩ ឆ្នាំ ដែលជាធនាគារិកដែលមានបទពិសោធន៍ក្នុងវិស័យធនាគារនៅក្នុងតំបន់ជាង ៤០ ឆ្នាំ ដោយគាត់ចំណាយពេល ២០ ឆ្នាំចុងក្រោយនៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិរូបនេះ មានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យឡុងដុន។ លោកត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ និងជាប្រធានតំបន់នៅក្នុងធនាគារនៅក្នុងតំបន់សំខាន់ៗរយៈពេលជាច្រើនឆ្នាំ និងបានកាន់កាប់តំណែងនោះរហូតដល់ខែធ្នូ ឆ្នាំ២០២០។ ក្នុងអំឡុងពេលលោកកំពុងបំពេញការងារ ធនាគារបានទទួលការទទួលស្គាល់ជាអន្តរជាតិ និងបានឈ្នះពានរង្វាន់ជាច្រើនរយៈពេលប៉ុន្មានឆ្នាំនោះ។ លុះដល់ខែមករា ឆ្នាំ២០២១ លោកបានបង្កើតធនាគារ អូរៀនថល ម.ក នៅប្រទេសកម្ពុជា និងបានកាន់តំណែងជានាយកគ្រប់គ្រងរួម និងនាយកប្រតិបត្តិ ចាប់ពីពេលនោះតមក។

៨.៣

៥. ធនាគារ អេប៊ីអេ

លោក Askhat Azhikhanov ជានាយកប្រតិបត្តិនៃ ធនាគារ ABA។ លោកមានសញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស) សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន លោកក៏មានសញ្ញាប័ត្រ​​ថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។

ពីឆ្នាំ 1998 ដល់ ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។ នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។ ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។ លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia