ឪខ្លា កូនខ្លា! មកស្គាល់កូនស្រី មហាសេដ្ឋីម្ចាស់យីហោល្បីក្នុងស្រុកខ្មែរពីររូប មានសមត្ថភាពមិនធម្មតា
Kan DaraOCTOBER 5 2022606 views

សុភាសិតខ្មែរពោលថា «ស្លឹកលើជ្រុះមិនឆ្ងាយពីគល់» បើមេបាជាខ្លា កូនកើតមកក៏ជាខ្លា ត្បិតឪពុកម្តាយគឺជាគ្រូបង្រៀនដំបូងគេបំផុតសម្រាប់កុលបុត្រកុលធីតា ក្នុងការយកជាគំរូតាម ចាប់តាំងពីថ្ងៃដែលកូនប្រសូតបើកភ្នែកឃើញពន្លឺព្រះអាទិត្យ។ ជាក់ស្តែងខាងក្រោមនេះគឺជា កូនស្រីមាសពេជ្ររបស់មហាសេដ្ឋីម្ចាស់យីហោល្បីក្នុងស្រុកខ្មែរពីររូប មានសមត្ថភាពមិនចាញ់ឪពុក។

/. កូនស្រីរបស់មហាសេដ្ឋីមានបំផុតក្នុងប្រទេសម៉ាឡេស៊ី និងជាម្ចាស់ Shangri-La Group

អ្នកប្រហែលជាធ្លាប់ឃើញ The Peak Shangri-La ជាអគារពាណិជ្ជកម្មខ្ពស់ជាងគេឈរចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែល​មានកម្ពស់៥៥ជាន់ ស្មើនឹង២២៤ម៉ែត្រ។ អគារនេះគឺជាផ្នែកមួយនៃ Shangri-La Asia Limited (“Shangri-La”) ជាក្រុមសណ្ឋាគារប្រណិតឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិកដែលមានស្ត្រីឆ្នើមម្នាក់ឈ្មោះ Kuok Hui Kwong ជាប្រធាន និងជានាយកប្រតិបត្តិ។

ស្ត្រីវ័យ៤៤ឆ្នាំរូបនេះ គឺជាកូនស្រីទីប្រាំមួយរបស់លោក Robert Kuok ដែលជាមហាសេដ្ឋីមានបំផុតក្នុងប្រទេសម៉ាឡេស៊ី និងបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ East Asian Studies ពីមហាវិទ្យាល័យ Harvard លើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការ Shangri-La Group។

មិនត្រឹមមានឪពុកជាមហាសេដ្ឋី លោកស្រីត្រូវបានគេមើលឃើញពីសមត្ថភាពអាចកាន់តំណែង រួមទាំងកសាងស្នាដៃជាច្រើនរហូតមកទល់បច្ចុប្បន្ន លោកស្រីបានឡើងឈរលើលំដាប់កំពូលនៃ Shangri-La Asia និងមានតួនាទីសំខាន់មួយចំនួនបន្ថែមទៀតដូចជា ប្រធានគណៈកម្មាធិការប្រតិបត្តិ ប្រធានគណៈកម្មាធិការតែងតាំង សមាជិកនៃគណៈកម្មាធិការប្រាក់ឈ្នួល និងធនធានមនុស្ស។

ក្នុងនាមជាប្រធាន និងជានាយកប្រតិបត្តិនៃ Shangri-La Asia លោកស្រីបានគ្រប់គ្រងទ្រព្យសម្បត្តិសរុបចំនួន ១៣.២ ពាន់លានដុល្លារអាមេរិក (RM52 billion) រួមទាំងភាគហ៊ុននៅក្នុង ៧៧ នៃសណ្ឋាគារជាង ១០០ ដែលគ្រួសារ Kuok គ្រប់គ្រងជុំវិញពិភពលោកក្រោមម៉ាកយីហោចំនួន៤គឺ  Shangri-La, Kerry, Hotel Jen និង Traders។ មិនតែប៉ុណ្ណោះលោកស្រី Kuok Hui Kwong គឺជាជនជាតិម៉ាឡេស៊ីម្នាក់ក្នុងចំណោមពីរនាក់ជាប់ឈ្មោះក្នុងបញ្ជី Emergent 25 របស់ទស្សនាវដ្ដី Forbes Asia ជាតារាជំនួញស្រ្តីឆ្នើមបំផុតថែមទៀតផង។

/. កូនស្រីមហាសេដ្ឋី ម្ចាស់ Rosewood Hotel Group

Rosewood Phnom Penh ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ មានកម្ពស់ផុតពីផ្ទៃដី១៨៨ម៉ែត្រ រះបង្អួតរាងកាន់កាប់ជាន់កំពូលចំនួន១៤ជាន់ នៃអគារកញ្ចក់ Vattanac Capital Tower ដែលជាសំណង់ស្ថាបត្យកម្មថ្មី ដ៏ល្បីល្បាញនៅក្នុងរាជធានី និងជានិមិត្តរូបនៃប្រទេសកម្ពុជានាសម័យទំនើប។ បច្ចុប្បន្ន យីហោសណ្ឋាគារដ៏ល្បីល្បាញនេះត្រូវបានគ្រប់គ្រងដោយ CEO ស្រីវ័យក្មេងឈ្មោះ Sonia Cheng ដែលនាងជាកូនស្រីសេដ្ឋីហុងកុងឈ្មោះ Henry Cheng មានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារឯណោះ។

ងាកមកមើលប្រវត្តិនិងសមត្ថភាពវិញលោកស្រី Sonia Cheng ទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈ ទាក់ទងនឹងការយកគណិតវិទ្យាមកប្រើប្រាស់ក្នុងសិល្បៈ និងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Harvard នៃសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០១១ ស្ថិតក្នុងវ័យ៣០ Sonia Cheng ក៏បានឡើងមកកាន់តំណែងជា CEO ដើម្បីជួយគ្រប់គ្រងមុខជំនួញរបស់ឪពុកគឺ Rosewood Hotel Group  ដែលជាបណ្ដុំអាជីវកម្មសណ្ឋាគារប្រមាណ ៤០សាខា កំពុងប្រតិបត្តិការនៅ១៩ប្រទេសឯណោះ ចាប់តាំងពីឆ្នាំ២០១១ មក ហើយបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុននេះនៅអាយុ៣០ឆ្នាំរហូតមកទល់សព្វថ្ងៃ។

ចំពោះគន្លឹះដឹកនាំអាជីវកម្មសណ្ឋាគារ ដែលឪពុកលោកស្រីធ្លាប់បានបង្រៀនគឺការវិនិយោគលើមនុស្សដែលត្រឹមត្រូវ។ លោកឪពុកលោកស្រីបានបង្រៀនថា «ទោះបីជាការឌីហ្សាញស្អាតយ៉ាងណា ការផ្សព្វផ្សាយខ្លាំងយ៉ាងណា ឬយុទ្ធសាស្ត្រទីផ្សារល្អយ៉ាងណា ប្រសិនបើគ្មានមនុស្សដែលត្រឹមត្រូវសម្រាប់ធ្វើការជាមួយទេ នោះកូននឹងមិនអាចជោគជ័យនោះទ»។ មួយវិញទៀត ប្រសិនបើខ្ញុំអាចរៀបចំជីវិតខ្លួនឱ្យមានតុល្យភាព នោះខ្ញុំនឹងអាចក្លាយជាម្ដាយដ៏ល្អម្នាក់ ហើយក៏ជា CEO​ស្រីដ៏ល្អម្នាក់ផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia