ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបច្ចុប្បន្នបច្ចេកវិទ្យា AI មានការរីកចម្រើនយ៉ាងខ្លាំង រហូតដល់ថ្នាក់អ្នកជំនាញល្បីៗជាច្រើនហ៊ានព្យាករណ៍ថាអនាគតមនុស្សយន្ត ឬ AI នឹងមកជំនួសការងាររបស់មនុស្ស ១០០% ហើយអត្រាអ្នកអត់ការងារធ្វើនឹងកើតឡើងខ្លាំង។ ប៉ុន្តែសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទស្សនៈថា ទោះបីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការរីកចម្រើនលឿនក៏ដោយ មានជំនាញមួយដែលវាមិនអាចមកជំនួសបានទេ នោះគឺ ជំនាញអ្នកសរសេរកម្មវិធី (Programmer)។
តាមរយៈការចូលរួមផ្ដល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីជាច្រើនដូចជា The Economic Times និងកម្មវិធី The Tonight Show លោក Bill Grates បង្ហាញទស្សនៈផ្ទាល់ខ្លួនថា AI អាចជួយមនុស្សសរសេរកម្មវិធីក្នុងការងារមួយចំនួន តែមិនអាចជំនួសមុខរបរអ្នកសរសេរកម្មវិធី (Programmer) បានឡើយ មិនថាបច្ចុប្បន្ននេះឬសូម្បីតែ ១០០ឆ្នាំទៅមុខទៀត។ លោកជឿជាក់ថា ការសរសេរកូដគឺត្រូវការខួរក្បាលមនុស្ស ជាពិសេសការច្នៃប្រឌិត និងការវិនិច្ឆ័យ ដែលម៉ាស៊ីនមិនអាចជំនួសបាន។
លោកបានបន្ថែមថា ការសរសេរកូដមិនមែនគ្រាន់តែវាយអក្សរចូលកុំព្យូទ័រនោះទេ ប៉ុន្តែវាត្រូវការគិតយ៉ាងស៊ីជម្រៅ ត្រូវយល់ដឹងពីបញ្ហាស្មុគស្មាញ បង្កើតការភ្ជាប់គំនិត និងស្វែងរកដំណោះស្រាយថ្មីៗ។ នៅពេលដែលមុខរបរជាច្រើនត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរ ឬបាត់បង់ដោយសារការរីកចម្រើនរបស់ AI នោះលោក Bill Gates ជឿថា មុខរបរអ្នកសរសេរកម្មវិធីនឹងនៅតែជារបស់មនុស្ស ព្រោះវាត្រូវការការវិនិច្ឆ័យ ស្មារតីច្នៃប្រឌិត និងសមត្ថភាពបត់បែនទៅតាមស្ថានការណ៍ ដែល AI នៅតែខ្វះខាតមិនអាចមកជំនួសបាន។
ការលើកឡើងនេះកើតឡើងនៅពេលដែលវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ព្យាករណ៍ថា AI អាចជំនួសការងារមនសុស្សប្រហែល ៨៥ លានកន្លែងត្រឹមឆ្នាំ ២០៣០ ប៉ុន្តែក៏អាចបង្កើតការងារថ្មីប្រហែល ៩៧ លានកន្លែងផងដែរ។ លោកBill Gates ទទួលស្គាល់ថា AI មានទាំងឱកាស និងហានិភ័យ ហើយចំពោះលោកផ្ទាល់ក៏មានការភ័យខ្លាចខ្លះដែរចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន។
ទោះជាយ៉ាងណា លោកជឿថា ប្រសិនបើមនុស្សប្រើ AI ឱ្យបានត្រឹមត្រូវ វាអាចជួយបង្កើនផលិតភាព និងឱ្យមនុស្សមានពេលទំនេរច្រើនជាងមុន។ កាលពីដើមឆ្នាំ ២០២៥ លោក Bill Gates ក៏បានលើកឡើងអំពីមុខរបរ ៣ ប្រភេទដែលលោកគិតថាមានសុវត្ថិភាពខ្ពស់បំផុតពីការរំខានដោយ AI ផងដែរគឺទី១ អ្នកសរសេរកម្មវិធី ទី២ អ្នកជីវវិទ្យា និងទី ៣ អ្នកជំនាញផ្នែកថាមពល។ លោកបានពន្យល់ថា មុខរបរទាំងនេះពាក់ព័ន្ធនឹងការគិតវិទ្យាសាស្ត្រ ការច្នៃប្រឌិត និងការសម្រេចចិត្តយុទ្ធសាស្ត្រ ដែលនៅតែត្រូវការមនុស្សជាអ្នកដឹកនាំ។
សរុបមកវិញ ទោះបីជាលោក Bill Gates គឺជាអ្នកគាំទ្រខ្លាំងមួយនៃបច្ចេកវិទ្យា AI ក៏ដោយ ក៏លោកតែងតែបញ្ជាក់អំពីកម្រិត និងការខ្វះខាតរបស់វា។ លោកជឿថា AI អាចផ្លាស់ប្តូរឧស្សាហកម្ម និងរបៀបធ្វើការរបស់មនុស្ស ប៉ុន្តែមិនអាចជំនួសបញ្ញាមនុស្សបានទាំងស្រុងទេ ជាពិសេសក្នុងវិស័យដែលត្រូវការការគិតវិភាគ និងការច្នៃប្រឌិត។ ដូចគ្នានេះដែរ ក្នុងវិស័យដូចជា ការសរសេរកម្មវិធី ការចូលរួម និងការច្នៃប្រឌិតរបស់មនុស្ស គឺជារឿងដែល AI មិនអាចជំនួសបានមិនថាក្នុងរយៈពេលយូរខាងមុខ ឬអាចជារៀងរហូត៕


